ប្រទេសចិន៖ ពិធីបុណ្យចូលឆ្នាំថ្មី នៅសល់មិនដល់មួយសប្តាហ៍ទៀតទេ ហើយប្រជាជនក្នុងប្រទេសជាច្រើននៅតែដើរទិញឥវ៉ាន់យ៉ាងសកម្ម ដើម្បីត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។ វត្ថុដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសចិនក្នុងឱកាសនេះគឺគ្រឿងអលង្ការមាស នេះបើយោងតាមសមាគមមាសរបស់ប្រទេសចិន ការប្រើប្រាស់មាសក្នុងប្រទេសនេះបានលើសពី ១០០០ តោនឯណោះក្នុងឆ្នាំ ២០២៣។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមសារព័ត៌មានអន្តរជាតិមួយបានឱ្យដឹងថា នៅផ្សារទំនើប Yuyuan ក្រុងសៀងហៃ តូបលក់មាសគឺមានការមមាញឹកខ្លាំងណាស់ ខណៈបុណ្យចូលឆ្នាំជិតចូលមកដល់។ មនុស្សជាច្រើនបានមកទីនេះដើម្បីទិញទំនិញមិនមែនសុទ្ធតែអ្នកនៅក្រុងសៀងហៃនោះទេ គឺមានអ្នកទេសចរ និងប្រជាជននៅតាមតំបន់នានាផងដែរ។
យោងតាមសមាគមមាសរបស់ប្រទេសចិន ការប្រើប្រាស់មាសក្នុងប្រទេសបានលើសពី ១,០០០ តោនកាលពីឆ្នាំមុន។ ជាពិសេស ប្រាក់ចំណូលគ្រឿងអលង្ការមាសរបស់ក្រុមហ៊ុនបានកើនឡើងប្រមាណ ៨%។ ភាពទាក់ទាញនៃមាសគឺមិនត្រឹមតែដោយសារតែរូបរាងទាក់ទាញរបស់វាប៉ុណ្ណោះទេប៉ុន្តែក៏មកពីតម្រូវការដើម្បីសន្សំប្រាក់ផងដែរ។
លោក Wang Lixin នាយកប្រតិបត្តិនៃក្រុមប្រឹក្សាមាសពិភពលោកនៅក្នុងប្រទេសចិនបាននិយាយថា “បើប្រៀបធៀបទៅនឹងទ្រព្យសកម្មផ្សេងទៀតជាច្រើន ការទិញមាសនាពេលបច្ចុប្បន្នគឺទទួលបានផលចំណេញតិចតួច។ ដូច្នេះហើយ ទោះបីជាតម្លៃគ្រឿងអលង្ការមាសកើនឡើងខ្ពស់បន្តិចក្នុងឆ្នាំនេះក៏ដោយ ក៏យុវវ័យជាច្រើននៅតែចង់ទិញវាដើម្បីទុកជាមធ្យោបាយសន្សំ»។
គួរបញ្ជាក់ដែរថា ចាប់តាំងពីចុងឆ្នាំមុនមក សេដ្ឋកិច្ចរបស់ប្រទេសចិនបានមើលឃើញសញ្ញាវិជ្ជមានជាច្រើន ជាពិសេសកំណើននៃការចំណាយរបស់អ្នកប្រើប្រាស់។ ដូច្នេះហើយ អាជីវកម្មគ្រឿងអលង្ការមាសអាចរំពឹងថានេះនឹងក្លាយជារដូវកាលដ៏ជោគជ័យសម្រាប់ពួកគេក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕










