អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងជើងចាស់រូបនេះព្រលះអ្នកសិល្បៈម្នាក់មានឈ្មោះថា «VJ ALaskoo» ដោយសម្តីធ្ងន់ៗដោយសារតែប្រើពាក្យសម្តីមិនគោរពរៀមច្បងដូចជាខ្លួនចេញមុខការពារប្រធានសមាគមសិល្បករខ្មែរ។

នៅលើបណ្តាញសង្គមរបស់ VJ ALaskoo បានសរសេរយ៉ាងដូច្នេះថា «មីងម្នាក់អ្នកចំរៀងជើងចាស់ គេមិនហៅច្រៀង អត់កន្លែងច្រៀង បែរមកយំបន្ទោស សមាគមន៍សិល្បៈ ..? ថីនុងមីង.. ប្រធានសិល្បៈមិនមែនរៀបចំកម្មវិធី ទូទាំងប្រទេសទេ .. មីងយល់? »។ ពាក្យសម្តីនេះបានធ្វើឱ្យកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ចេញមកព្រលះមិនទុកមុខដោយបានបោះពាក្យសម្តីធ្ងន់ៗទៅវិញនៅយប់ថ្ងៃទី៤ កុម្ភៈ ថា «ដើរល្បាតតាមផ្លូវ មិនខ្វះទេឆ្កែព្រុស ! ឆ្កែព្រុសការពារឆ្អឹង ! បងប្អូនស្គាល់គាត់ម្នាក់នេះទេ ? មើលសំដីគាត់សរសេរទៅនឹងយល់ហើយថា ពេលនេះ ម៉ោងនេះ ដែលខ្ញុំកំពុងជួបបញ្ហា ហើយគាត់និយាយបែបហ្នឹង តើគាត់ចង់ថាឱ្យនរណាគេ? តើប្អូនហ្នឹងជាដៃជើងអ្នកណាទើបគ្រាន់តែចង់ការពារសមាគមន៍ហ៊ានមានប្រសាសន៍ឈ្លើយលែងស្គាល់ចាស់ទុំរៀមច្បងបែបនេះ? ថីនុង? ក្រែងខ្លួនជាអ្នកសិល្បៈដែរមិនចឹង?»។

អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តទៀតថា «បងប្អូន នេះហើយចរិតអ្នកសិល្បៈមួយចំនួនដែលនៅក្រោមការដឹកនាំរបស់សមាគមន៍សិល្បៈបច្ចុប្បន្ន ។ ថាមិនចង់តបទេ តែវាចេះតែចេញមកបែបៗហ្នឹង ដល់ពេលគេសំពងក្បាលវិញក៏ថាគេរើសដាក់ខ្លួន រួចហើយប្រកាច់ចង់ប្តឹងគេ អីក៏ថោកទាបម្ល៉េះ ! សូមប្រាប់ផងថា បើអាប្អូនមុខកញ្ចាស់ឯងចង់ប្តឹង គួរតែប្រាប់ខ្លួនឯងវិញថា ដោយសារអាចិត្តចង្រៃរបស់ខ្លួនឯងទេដែលវានាំដៃដ៏ល្ងង់ខ្លៅរបស់ប្អូនឱ្យសរសេរដៀលគេមុន ដូច្នេះបើគេទះកំផ្លៀងជ្រុះធ្មេញនោះ ប្អូនមិនបាច់ខំទៅប្តឹងនាំខាតលុយខាតពេលទេ តែគួរយកលុយទៅទិញធ្មេញដាក់វិញកុំឱ្យខ្មាសគេដូចពេលនេះ។ ចាំទុកណា៎ បងដើរតាមក្រោយប្អូនទេ ។ ក្រោយៗគិតសិនចាំគូរ ។ បើចង់ខាំបង ប្អូនគួររៀនស្គាល់ពីបងឱ្យច្បាស់ ប្អូនកុំផុសហើយលុបចេញលឿនអញ្ចឹង វាមិនសមជាកូនប្រុសទេ យល់ទេ!»។

ងាកទៅកាន់លោក VJ ALaskoo ក៏បានបង្ហោះសារមួយនៅព្រឹកថ្ងៃទី៥ កុម្ភៈ នេះដោយបានរៀបរាប់ថា «ខ្ញុំលុបផុសមិនមែនខ្លាចរអា អ្នកណាទេ តែដោយបងៗថ្នាក់ដឹកនាំខលប្រាប់ ចាំក្រុមប្រឹក្សាភិបាល គេធ្វើការវិញ .. ផុសនាំតែប៉ះអារម្មណ៍មហាជន»។

គួរបញ្ជាក់ផងដែរថា អ្នកនាង ម៉េង កែវពេជ្ជតា បាន Live កាលពីពេលថ្មីៗនេះដោយបានបោះសម្តីថាការដឹកនាំរបស់ប្រធានសមាគមសិល្បករមិនកើត ចូលចិត្តប្រកាន់បក្សពួកនិយមធ្វើឱ្យតម្លៃអ្នកសិល្បៈកាន់តែធ្លាក់ចុះ។ ស្របពេលនេះអ្នកនាងក៏កំពុងមានរឿងជាមួយអ្នកនាង សារីណា ភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា ដូចគ្នា៕