Home ព័ត៌មានអន្តរជាតិ អង្គការយូណេស្កូទទួលស្គាល់ប្រពៃណីសង្ក្រាន្តនៅថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ

អង្គការយូណេស្កូទទួលស្គាល់ប្រពៃណីសង្ក្រាន្តនៅថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ

483
0

ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសដំណឹងល្អថា អង្គការយូណេស្កូបានប្រគល់វិញ្ញាបនបត្រ (Certificate) បញ្ជាក់ថា ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការហើយ ។ ហេតុនេះ ក្រសួងវប្បធម៌ថៃនឹងប្រារព្ធពិធីបុណ្យសង្ក្រាន្តដ៏អធិកអធមនៅតាមបណ្តាខេត្តចំនួន៧៦ ទូទាំងប្រទេសថៃ នៅខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកប្រាក់ចំណូលចូលជាតិ ។

សារព័ត៌មានថៃរាយការណ៍ថា នេះជាដំណឹងល្អមួយសម្រាប់ជនជាតិថៃនៅទូទាំងប្រទេស ក្រោយពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក អង្គការយូណេស្កូ (UNESCO) បានប្រកាសចុះឈ្មោះប្រពៃណីសង្ក្រាន្តនៅប្រទេសថៃ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ប្រចាំឆ្នាំ២០២៣ ។Songkran Festival Phuket - Aleenta Phuket Resort & Spa

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Kowit Phakamat មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ថៃបានប្រាប់ដំណឹងល្អដល់ជនជាតិថៃថា អង្គការយូណេស្កូបានប្រគល់វិញ្ញាបនបត្រ (Certificate) បញ្ជាក់ពីការចុះឈ្មោះសង្ក្រាន្តនៅប្រទេសថៃជាផ្លូវការដល់នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌រួចរាល់ហើយ ។ 

លោក Kowit Phakamat បញ្ជាក់ថា ជំហានបន្ទាប់ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នឹងជំរុញសកម្មភាពបុណ្យសង្ក្រាន្តនៅប្រទេសថៃព្រមៗគ្នា ដោយសារសង្ក្រាន្ត គឺជាប្រពៃណីចូលឆ្នាំថ្មីរបស់ថៃ ដែលប្រារព្ធឡើងនៅគ្រប់តំបន់នៅពាក់កណ្តាលខែមេសា ។ ប្រទេសថៃតែងតែប្រារព្ធពិធី និងទទួលយកប្រពៃណីនេះតាំងពីយូរយាណាស់មកហើយ ព្រោះវាជាប្រពៃណីដ៏ស្រស់ស្អាត និងមានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញពីការដឹងគុណរបស់ជនជាតិថៃចំពោះបុព្វបុរស, សេចក្តីសប្បុរស និងបំណងល្អទៅកាន់អ្នកដទៃ ។

ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃមានឈ្មោះល្បីល្បាញ ដូចជា ៖ ការរាប់បាត្រព្រះសង្ឃ, ស្រង់ទឹកព្រះពុទ្ធរូប និងព្រះសង្ឃ, ក្បួនដង្ហែរនៅតាមទីប្រជុំជនបង្ហាញពីបុណ្យសង្ក្រាន្ត, ការសម្តែងវប្បធម៌បង្ហាញពីអត្តសញ្ញាណនៅតាមតំបន់ និងការលេងជះទឹក ។

លោកនិយាយថា អង្គការយូណេស្កូបានទទួលស្គាល់ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការនេះ គឺជារឿងគួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ជនជាតិថៃទាំងអស់ ពីព្រោះប្រពៃណីចូលឆ្នាំថ្មីថៃ គឺតំណាងឱ្យមរតកវប្បធម៌អរូបីរបស់មនុស្សជាតិ ស្របតាមកិច្ចប្រជុំគណៈកម្មការរវាងរដ្ឋាភិបាលប្រទេសនានា អំពីការអភិរក្សមរតកវប្បធម៌អរូបី លើកទី១៨ នៅទីក្រុង Kasane សាធារណរដ្ឋបុតស្វាណា កាលពីចុងឆ្នាំ២០២៣ ។Celebrating Songkran | Thailand's Water Festival | Britannica

លោក Kowit Phakamat បន្តថា នៅឆ្នាំ២០២៤ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហាសង្ក្រាន្តយ៉ាងអធិកអធមបំផុត ដើម្បីផ្សព្វផ្សាយពីប្រពៃណីដ៏មានតម្លៃ, និងយល់ដឹងពីសារៈសំខាន់ប្រពៃណីនេះនៅតាមទីប្រជុំជនផ្សេងៗ ។ ហេតុនេះ យើងនឹងរៀបចំគម្រោង «World Songkran Festival : ប្រពៃណីសង្ក្រាន្តថៃ គឺជាគោលដៅទេសចរណ៍ជុំវិញពិភពលោក» នៅតាមបណ្តាខេត្តចំនួន៧៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

លោកបន្ថែមថា ក្នុងឱកាសនេះ សូមអញ្ជើញបងប្អូនពលរដ្ឋថៃ និងជនបរទេសរួមគ្នាថែរក្សា និងបន្តមរតកប្រពៃណីសង្ក្រាន្តដ៏មានតម្លៃរបស់ថៃប្រកបដោយនិរន្តរភាព និងប្រើប្រាស់វាឱ្យក្លាយជា Soft Power ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចពាក់ព័ន្ធ ដើម្បីទាញយកប្រាក់ចំណូលចូលជាតិ ៕How retailers celebrated Thailand's Songkran water festival - Inside Retail  Asia