អភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែរំលោភបំពាន យកដីធ្វើស្រែប្រាំង មានចំនួន ៨.០០០ហិចតា ដែលស្ថិតនៅតំបន់(ខ្វាក់ទោច ខ្វាក់ធំ) ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖” បច្ចុប្បន្នមានជនខិលខូចមួយចំនួន នៅតែរុករានទន្ទ្រាន រំលោភយកដីរដ្ឋ នៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល។
អភិបាលខេត្តកំពង់ធំរូបនេះ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយ សូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ ព្រោះវាធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រី និងសត្វគ្រប់ប្រភេទផងដែរ៕
Home ព័ត៌មានជាតិ







