ប្រទេសថៃ ៖ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃសង្ឃឹមថា ជើងហោះហើរក្នុង និងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជើងហោះហើរស្មើនឹង១៦.៧៦៦ជើង កើនឡើង១៧% ជាពិសេស ជើងហោះហើររវាងប្រទេសថៃ និងចិន នឹងកើនឡើងដល់១.៨៩៤ជើង ។
លោក Napasit Chakrapitak នាយកក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃលើកឡើងថា ក្នុងអំឡុងពេលចូលឆ្នាំចិន គឺជាពេលវេលាដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស ហើយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនសង្ឃឹមថា នឹងមានបរិមាណជើងហោះហើរសរុបចំនួន១៦.៧៦៦ជើង និងជាមធ្យមស្មើ២.៣៩៥ជើងក្នុង១ថ្ងៃ ដែលកើនឡើងលើសឆ្នាំ២០២៣ ប្រមាណ១៧% ។
ចំណែកជើងហោះហើររវាងប្រទេសថៃ និងចិន ក្នុងអំឡុងពេលចូលឆ្នាំចិនរយៈពេល៧ថ្ងៃ នឹងស្មើចំនួន១.៨៩៤ជើង និងជាមធ្យមស្មើនឹង២៧០ជើងក្នុង១ថ្ងៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានរៀបចំប្រព័ន្ធបរិក្ខាររួចជាស្រេច ដើម្បីផ្តល់សេវាកម្មជាបន្តបន្ទាប់ ដូចជា ៖
-វិធានការគ្រប់គ្រងការធ្វើចរាចរផ្លូវអាកាស (Air Traffic Flow Management) ដើម្បីរៀបចំការចរាចរផ្លូវអាកាសយ៉ាងមានប្រសិទ្ធភាព
-ការគ្រប់គ្រងការងារឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកគ្រប់ស្ថានការណ៍ និង
-ការត្រៀមខ្លួនទប់ទល់ជាមួយស្ថានការណ៍បន្ទាន់ ។
លើសពីនេះ ក្រុមហ៊ុនក៏បានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធផងដែរ ដូចជា ៖ ទំនាក់ទំនងជាមួយគ្រប់អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដើម្បីឱ្យការគ្រប់គ្រងការចរាចរផ្លូវអាកាសប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ។
ឧស្សាហកម្មអាកាសចរណ៍បានកើនឡើងជាបន្តបន្ទាប់ ហើយភ្ញៀវទេសចរចិននៅតែជាក្រុមគោលដៅសំខាន់របស់វិស័យទេសចរណ៍ និងអាកាសចរណ៍ប្រទេសថៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានចាប់ផ្តើមគម្រោងសហការជាមួយប្រទេសចិន ដើម្បីបង្កើតផ្លូវហោះហើរស្របគ្នា (Parallel Route) និងភ្ជាប់ទៅកាន់ទីក្រុងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិន ដូចជា ៖ ទីក្រុងស៊ីអាន, ឆុងឈីង, ឈើងទូ, ធៀនហ្វូ, គុនមីង និងគុយយ៉ាង ។
ផ្លូវហោះហើរស្របគ្នា (Parallel Route) នេះ នឹងជួយជំរុញកម្រិតសុវត្ថិភាពក្នុងការហោះហើរ និងអាចគ្រប់គ្រងការចរាចរលើផ្លូវអាកាសឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពគាំទ្រការហោះហើរ ។ ហេតុនេះ វានឹងជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសដើម្បីគាំទ្រឧស្សាហកម្មហោះហើរ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមនយោបាយរបស់ក្រសួងគមនាគមន៍ ៕










