បច្ចុប្បន្ននេះ គ្រប់គ្នាប្រាកដជាបានឃើញបានស្គាល់ហើយនូវទំនើបកម្មរបស់ព្រលានយន្តហោះនៃប្រទេសនីមួយៗ ដែលទាំងនេះគឺជាការសបញ្ជាក់ពីវឌ្ឍនភាព ភាពរីកចម្រើនជឿនលឿនរបស់ប្រទេសពួកគេរៀងៗខ្លួន។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ក៏នូវមានព្រលានយន្តហោះមួយចំនួនដែលត្រូវបានគេបោះបង់ចោល កុំថាឡើយដើរកាត់ សូម្បីតែរំលឹកឈ្មោះក៏មិនហ៊ានផង ព្រោះតែអតីតកាលរឿងរ៉ាវដ៏ឈឺចាប់និងខ្លោចផ្សារបំផុត។
១. អាកាសយានដ្ឋានអន្តរជាតិ Sergey Prokofiev ប្រទេសអ៊ុយក្រែន ត្រូវបានបោះបង់ចោលកាលពីឆ្នាំ២០១៥
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឮហើយអំពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន មិនមែនទើបតែឥឡូវទេ ប្រទេសទាំង២នេះតែងតែមានការប៉ះទង្គិចគ្នាជាច្រើនដងមកហើយ។ ជាមួយគ្នានេះ សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនបានផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៤ បានធ្វើឲ្យអាកាសយានដ្ឋានមួយនេះត្រូវបានកម្ទេចទៅជាធូលីដីនិងខូចខាតទាំងស្រុង។ អាកាសយានដ្ឋានដែលធ្លាប់តែទំនើប និងមមាញឹកប្រែទៅជាសភាពទ្រុឌទ្រោមយ៉ាងអណោចអធម ដែលបច្ចុប្បន្នគ្មានគម្រោងថានឹងជុសជុលវាឡើងវិញឡើយ។

២. អាកាសយានដ្ឋានអន្តរជាតិ Yasser Arafat, Gaza បោះបង់ចោលក្នុងឆ្នាំ ២០០១
ពីដើមឡើយ អាកាសយានដ្ឋាន Gaza មិនត្រឹមតែជាមជ្ឈមណ្ឌលទេសចរណ៍ប៉ុណ្ណោះទេ វាជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ភាពជារដ្ឋរបស់ប្រជាជនប៉ាឡេស្ទីនទាំងមូល។ អាកាសយានដ្ឋាននេះបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ១៩៩៨ ប៉ុន្តែដំណើរការបានត្រឹមតែរយៈពេលប្រមាណ២ឆ្នាំ វាក៏ត្រូវបានបិទទ្វាវិញព្រោះការកើតមានសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងអំឡុងឆ្នាំ ២០០០ ដោយអ៊ីស្រាអែលបានធ្វើការវាយឆ្មក់តាមលំហរអាកាសនិងទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ខូចខាតមិនស្ទើរនោះទេទាំងព្រលានយន្តហោះនិងតំបន់នោះ។
៣. អាកាសយានដ្ឋាន Johnston Atoll សហរដ្ឋអាមេរិក បោះបង់ចោលក្នុងឆ្នាំ ២០០៣
អាកាសយានដ្ឋាន Johnston Atoll គឺជាស្ថិតនៅលើកោះប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់សហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៤១ អាមេរិកក៏បានយកកោះនេះដើម្បីសាកល្បងការត្រៀមខ្លួនរបស់កងទ័ពជើងទឹកប្រឆាំងនឹងអាវុធគីមី និងជីវសាស្រ្ត ក៏ដូចជាពិសោធន៍ប្រព័ន្ធមីស៊ីលប្រឆាំងផ្កាយរណប ដោយប្រើនុយក្លេអ៊ែដើម្បីកំណត់ជីពចរអេឡិចត្រូម៉ាញ៉េទិចនៅក្នុងបរិយាកាសកម្រិតខ្ពស់។ ជាងពាក់កណ្តាលនៃអាវុធគីមីរបស់សហរដ្ឋអាមេរិកត្រូវបានរក្សាទុកនៅលើ Johnston ក្នុងពេលតែមួយ រួមទាំងឧស្ម័នពណ៌ទឹកក្រូចដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស។ នៅទីបំផុត វានឹងក្លាយជាទីតាំងនៃកន្លែងចោលអាវុធគីមីដំបូងគេរបស់សហរដ្ឋអាមេរិក បន្ទាប់ពីធុងនៃសារធាតុពណ៌ទឹកក្រូចបានលេចធ្លាយ ធ្វើឲ្យបំពុលបរិយាកាសនៅជុំវិញនោះកម្រិតធ្ងន់ផងដែរ៕











