កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿនបុករះម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់។អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត។ការចោទប្រកាន់នេះ បានធ្វើឱ្យមហាជនហាក់មានការងឿងឆ្ងល់ ដោយហេតុថាអ្នកបើកបរនោះបើកក្នុងស្ថានភាពស្រវឹងខ្លាំង ហើយស្លាប់ដល់ទៅមនុស្ស៤នាក់ បែរជាចោទត្រឹមបទធ្វេសប្រហែសទៅវិញ។

ក៏ប៉ុន្តែ ប្រសិនបើមហាជនបានមើលឱ្យដិតដល់ទៅនោះនឹងឃើញថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទថា៖” អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l” (លើស ០,៤០mg/l) និង “បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់” ដែលជាប្រភេទបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លាន ទៅ ២៥លានរៀល ពោលគឺ ធ្ងន់ធ្ងរជាងបទល្មើសបើកបរដោយធ្វេសប្រហែស។

លើសពីនេះទៅទៀត យោងតាមមាត្រាទី៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរនោះ ក៏អាចប្រឈមមុខនឹងការព្យួរបណ្ណបើកបរ ឬហាមប្រាមបើកបរយានយន្តគ្រប់ប្រភេទ រយៈពេល ៥ឆ្នាំផងដែរ៕

May be an image of slow loris and textMay be an image of text