សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចអាមេរិកបាននាំគ្នាជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់ ដែលធ្លាក់ទៅក្នុងបឹងទឹកកកដ៏ត្រជាក់បំផុត និងមិនអាចឡើងពីបឹងដោយខ្លួនឯងបាន ។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងចូបូរ៉ូ រដ្ឋអាខាន់សល សហរដ្ឋអាមេរិក ។
សមត្ថកិច្ចបានប្រញាប់រត់ទៅកាន់បឹងមួយកន្លែង ដែលមានផ្ទៃទឹកទាំងមូលបានក្លាយទៅជាទឹកកក នៅពេលឮសំឡេងក្មេងម្នាក់ស្រែកឱ្យគេជួយ ។ ក្រោយមក សមត្ថកិច្ចបានព្យាយាមរំកិលខ្លួននៅលើផ្ទាំងទឹកកកទាំងលំបាក ដោយសារតែទឹកកករអិលខ្លាំង ។ ចុងក្រោយ សមត្ថកិច្ចក៏អាចទាញក្មេងនេះចេញពីបឹងទឹកកកបានសម្រេច ។
ក្នុងសេចក្តីថ្លែងការណ៍របស់សមត្ថកិច្ចប្រចាំទីក្រុងចូបូរ៉ូ រដ្ឋអាខាន់សល បញ្ជាក់ថា ពួកគេបានបញ្ជូនក្មេងប្រុសខាងលើទៅកាន់មន្ទីរពេទ្យហើយ ដើម្បីត្រួតពិនិត្យថា តើមានរងរបួសនៅលើរាងកាយដែរឬទេ នៅពេលធ្លាក់ចូលក្នុងបឹងទឹកកកដែលមានអាកាសធាតុត្រជាក់ខ្លាំង ។
ហេតុការណ៍ក្មេង ឬសត្វធ្លាក់ចូលក្នុងបឹងទឹកកកបែបនេះ បានកើតឡើងជាញឹកញាប់នៅសហរដ្ឋអាមេរិក ក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅរដ្ឋបួម៉ុន សហរដ្ឋអាមេរិក មានក្មេងម្នាក់ទៀតអាយុ៨ឆ្នាំ បានធ្លាក់ទៅក្នុងបឹងទឹកកកដូចគ្នាដែរ និងទទួលបានការជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់៕










