ស្របពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីរនាក់គឺ ជី ដេវីត និង វណ្ណដា ចេញបទចម្រៀងដំណាលគ្នាថែមទាំងក្នុងម៉ោងតែមួយទៀតធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងពីសំណាក់ហ្វេនៗទាំងសងខាង ខណៈតារារ៉េប ខ្មែរមួយជីវិតថា ជាការឈ្នានីសទីផ្សារបែបកខ្វក់ ជាហេតុធ្វើឱ្យហ្វេនៗរបស់លោក ជី ដេវីត មិនពេញចិត្តយ៉ាងខ្លាំងនិងបញ្ចេញមតិរិះគន់វិញ។
វេលាម៉ោង៦ល្ងាចថ្ងៃទី២២ មករា វណ្ណដា បានចេញបទចម្រៀងមួយបទមានចំណងជើងថា «៦ Years In The Game» សហការជាមួយតារារ៉េបជប៉ុន Awich ក្នុងឱកាសខួបកំណើតរបស់លោកដោយជារៀងរាល់ថ្ងៃទី២២ មករា ចាប់តាំងពីឆ្នាំ២០១៩ មក។ បទថ្មីនេះ វណ្ណដា បានរៀបរាប់ពីភាពជោគជ័យរបស់ខ្លួនប្តូរពីក្មេងដែលមិនបានការរហូតមានកេរ្តិ៍ឈ្មោះឡើង TOP និងឈានជើងចូលឆាកអន្តរជាតិក្នុងការខិតខំរបស់ខ្លួនរយៈពេល៦ឆ្នាំមកនេះ។
សម្រាប់តារាចម្រៀង ជី ដេវីត វិញបានចេញបទចម្រៀងមានចំណងជើងថា «គាំងចិត្ត» ដែលអត្ថន័យរៀបរាប់ពីនារីរូបស្រស់ជាគូស្នេហ៍បោកចិត្តជាប្រភេទចម្រៀងស្នេហាក្បត់ចិត្ត ប៉ុន្តែសាច់ភ្លេងជាចង្វាក់អាចរាំបានក្នុងពិធីចូលឆ្នាំជាដើមដោយមានការលាយឡំឧបករណ៍បុរាណ និងមានការលាយរ៉េបផងដែរ។
ទោះយ៉ាងណាការចេញបទដំណាលគ្នាថែមទាំងក្នុងម៉ោងតែមួយនេះបានក្លាយជាប្រធានបទជជែកវែកញែកលើបណ្តាញសង្គមពីសំណាក់ហ្វេនៗទាំងសងខាង ខណៈតារារ៉េប ខ្មែរមួយជីវិត ក៏បានលូកមាត់លើរឿងនេះដូចគ្នា។
នៅល្ងាចថ្ងៃទី២៣ មករា លោក ឡេង សុវណ្ណតារា ហៅខ្មែរមួយជីវិត បានបង្ហោះសារពីសហរដ្ឋអាម៉េរិកថា «បើប្រកួតទេពកោសល្យ ប្រកួតគុណភាពចម្រៀងក្នុងទីផ្សារ មិនអីទេ តែបើឈ្នានីសទីផ្សារ ហៅថា យុទ្ធសាស្រ្តទីផ្សារដែរ ដូចកខ្វក់ពេកហើយ It’s Dirty Game »។ ក្នុងន័យនេះលោកចង់ទៅសម្តៅទៅលើការចេញបទចម្រៀងរបស់ ជី ដេវីត ជាន់ថ្ងៃ ជាន់ម៉ោងតែមួយ ជាមួយនឹង វណ្ណដា ខណៈជាថ្ងៃខួបកំណើតរបស់ វណ្ណដា ផ្ទាល់។
ទោះយ៉ាងណា ការថាឱ្យ ជី ដេវីត មានការឈ្នានីសទីផ្សារបែបកខ្វក់ពីសំណាក់ ខ្មែរមួយជីវិត ក៏ត្រូវបានហ្វេនៗរបស់តារាចម្រៀង ជី ដេវីត បានវាយបកទៅវិញជំនួសអាយដលមិនទុកមុខឱ្យលោកនោះឡើយព្រមទាំងជីកកកាយរឿងរ៉ាវចាស់ៗអំឡុងពេល ខ្មែរមួយជីវិត និង ជី ដេវីត ចេញបទ Diss Track គ្នាជាដើម។ ហ្វេនៗរបស់ ជី ដេវីត ក៏បានឡើងពីចំណុចដែល វណ្ណដា ចេញបទ Jo2 Diss Track ជី ដេវីត កាលពី ជី ដេវីត មានការប្រគំតន្ត្រីផ្ទាល់ខ្លួនដូចគ្នា។
សូមបញ្ជាក់ផងដែរថាគិតត្រឹមរសៀលថ្ងៃទី២៤ មករា បទរបស់ វណ្ណដា និង ជី ដេវីត សុទ្ធតែឈរនៅចំណាត់ថ្នាក់កំពូល(Trending)នៃការស្តាប់លើយូធូបដូចគ្នាដោយបទ «៦ Years In The Game» ឈរនៅលេខ១ និងបទ «គាំងចិត្ត» ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងប្រទេសកម្ពុជា៕










