ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើកំណាយនៅផ្នែកភាគអាគ្នេយ៍ ជាប់ប្រាសាទបាយ័ន ដែលពីមុនគេជឿថាជារចនាសម្ព័ន្ធស្រះបុរាណ ដើម្បីសិក្សា និងស្ដារស្រះស្តុកទឹកនេះឡើងវិញ។
ការធ្វើកំណាយនេះ ធ្វើឡើងដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរកឱ្យឃើញច្បាស់ថាតើរចនាសម្ព័ន្ធស្រះបុរាណមានទំហំប៉ុនណា។ ហើយតើទឹកបានហូរនាំដីមកចាក់បំពេញស្រះនេះដែរ ឬក៏ត្រូវបានគេចាក់លុប បន្ទាប់ពីអង្គរត្រូវបានគេបោះបង់ចោលឋានៈជារាជធានី។
នៅពេលណាអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័ន ឱ្យដូចសម័យកាលបុរាណឡើងវិញ៕










