កូនប្រុសម្ចាស់ក្រុមហ៊ុនហនុមាន គឺលោក ផន មុតសុក្រឆពណ្ណ ហៅ Richie វ័យក្មេងរូបសង្ហារ ដែលកាលពេលថ្មីៗបានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យស្តង់ដារកម្រិតខ្ពស់មួយរបស់ចក្រភពអង់គ្លេស។
គ្រប់គ្នាប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ ក្រុមហ៊ុនហនុមានដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា របស់លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហនុមាន ប៊ែរវើរីជីស និងលោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។
កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់លោកជំទាវ ខៀវ សស៊ីលៀប ដែលត្រូវជាម្តាយបង្កើតរបស់លោក Richie គឺបានដាក់បង្ហោះនូវសារអបអរសាទរកូនប្រុសដែលទើបតែបញ្ចប់ថ្នាក់អនុបណ្ឌិតយ៉ាងរំភើបនិងមានមោទនភាពបំផុត។
លោកជំទាវគឺបានបង្ហោះនូវរូបថតមួយចំនួនជាមួយនឹងកូនប្រុសនិងក្រុមគ្រួសារ អមជាមួយសារមួយឃ្លាជាភាសាអង់គ្លេស ដែលមានអត្ថន័យថា «កូនបានផ្តល់ឲ្យម៉ាក់នូវហេតុផលជាច្រើន ព្រមទាំងបានធ្វើជាបុរសម្នាក់ដែលម៉ាក់មានមោទនភាពលើ។ អ្វីដែលម៉ាក់កាន់តែមានមោទនភាពយ៉ាងខ្លាំងបំផុតចំពោះកូន គឺជាការដែលបានប្រាប់មនុស្សគ្រប់គ្នា ថាកូនគឺជាកូនប្រុសរបស់ម៉ាក់។ សូមអបអរសាទរកូនប្រុសសម្រាប់ភាពជោគជ័យដ៏ពិសេសនេះ! កូនប្រុសម៉ាក់បានបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យ King College នៃចក្រភពអង់គេ្លស ទៅលើជំនាញ២ក្នុងពេលតែមួយគឺ ពាណិជ្ជកម្មអន្តរជាតិ និងគ្រប់គ្រងសកល។ កូនប្រុសសម្លាញ់ម៉ាក់ពិតជាបានពុះពារយ៉ាងលំបាកដើម្បីទទួលបាននូវភាពជោគជ័យដ៏ធំនេះ។ ម៉ាក់ប៉ានឹងរងចាំមើលកូនដោយស្នាមញញឹមពីជំហានជោគជ័យបន្តបន្ទាប់ទៀតក្នុងជីវិតកូន។ ក្រុមគ្រួសារយើងពិតជាស្រលាញ់កូនខ្លាំងណាស់មិនថាថ្ងៃនេះនិងជារៀងរហូតតទៅ»។
គួរបញ្ជាក់ផងដែរថា សកលវិទ្យាល័យ King College គឺជាសលកវិទ្យាល័យល្បីឈ្មោះ ចំណាស់ និងពិបាកក្នុងការដាក់ពាក្យស្នើសុំចូលរៀនបំផុតមួយ នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលសកលវិទ្យាល័យត្រូវបានបង្កើតឡើងដំបូងដោយខ្សែរាជរង្សអង់គ្លេសក្នុ្ងងអំឡុងឆ្នាំ ១៨២៩។ នៅឆ្នាំ២០២៤នេះផ្ទាល់តែម្តង សកលវិទ្យាល័យនេះបានជាប់ជាសកលវិទ្យាល័យឈរលើលេខរៀងទី៤០ ជាសកលវិទ្យាល័យល្អបំផុតនៅទូទាំងសកលលោកផងដែរ។
យ៉ាងណាមិញ ពិធីមង្គលការអភិជនដ៏ធំកក្រើកចុងឆ្នាំ២០២៣កន្លងមកនេះវិញ គឺជាពិធីរបស់លោក Richie រូបសង្ហារនេះឯងជាមួយនឹងកញ្ញាស្រស់សោភា តាំង ប៉ោហ្គិច ហៅ Jade ដែលអ្នកទាំង២ពិតជាសាកសមគ្នាបំផុតទាំងរូបសម្បត្តិ ការសិក្សា និងឋានៈ បានធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែនស្នេហាមួយគូរនេះជាពន់ពេក។ ពិធីមង្គលការនេះទៀតសោត ក៏បានលេចនូវវត្តមានថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសកម្ពុជាជាច្រើនផងដែរ៕










