ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ «ខាវឆងវ៉ាន់» រាយការណ៍ថា មានក្រុមយុវជនអាយុចាប់ពី១៣ឆ្នាំ ទៅ១៥ឆ្នាំ ប្រើប្រាស់កាំបិតដេញកាប់ភ្ញៀវទេសចរបរទេសក្នុងគោលបំណងប្លន់ប្រាក់ ។ រីឯភ្ញៀវទេសចរដែលរងនូវអំពើហិង្សាពីយុវជន គឺទើបតែបានមកកម្សាន្តនៅប្រទេសថៃត្រឹម២សប្តាហ៍ប៉ុណ្ណោះ ។
បើតាមវីដេអូឃ្លីបបង្ហាញថា ពួកយុវជនបានជិះម៉ូតូដេញកាប់ភ្ញៀវទេសចរបរទេសនៅវេលាម៉ោង៣ទៀបភ្លឺ ហើយករណីនេះមិនមែនទើបតែកើតឡើងលើកដំបូងទេ ។ ហេតុការណ៍យុវជនយកកាំបិតមកកាប់ភ្ញៀវទេសចរដើម្បីប្លន់ទ្រព្យសម្បត្តិនេះ កើតឡើងនៅតំបន់ប៉ាតាយ៉ាខាងត្បូង ។![]()
អ្នកឃើញហេតុការណ៍លើកឡើងថា ដោយសារភ្ញៀវទេសចរបរទេសតបតវិញ ទើបយុវជនទាំងនេះយកកាំបិតដេញកាប់ ប៉ុន្តែអ្នកឃើញហេតុការណ៍បាននាំគ្នាមកជួយជនបរទេស ទើបក្រុមយុវជនរត់គេចអស់ ។ រីឯជនបរទេសបានជិះម៉ូតូដេញតាមក្រុមចោរក្មេងៗប្រកិតគ្នា ហើយសមត្ថកិច្ចប្រចាំក្រុងប៉ាតាយ៉ា ចាប់បានចោរក្មេងម្នាក់នៅតាមផ្លូវ ។ ក្រោយមក សមត្ថកិច្ចចាប់បានចោរក្មេងផ្សេងទៀត សរុបចំនួន៥នាក់ ។
សមត្ថកិច្ចបានប្រមូលវត្ថុតាងពីក្រុមចោរ ដែលពួកគេប្រើប្រាស់សម្រាប់កាប់ភ្ញៀវទេសចរបរទេស ។ តាមរយៈការសួរចម្លើយបង្ហាញថា ចោរក្មេងៗដែលមានអាយុចាប់ពី១៣ឆ្នាំ ទៅ១៥ឆ្នាំ ប្រាប់ថា ពីដំបូង ពួកគេបានជិះម៉ូតូដើរលេងនៅក្រុងប៉ាតាយ៉ា ហើយបានជួបសិស្សច្បងម្នាក់ឈ្មោះ មេច អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៊ិន អាយុ១៦ឆ្នាំ ហើយសិស្សច្បងទាំង២នាក់ក៏បានបបួលពួកគេប្លន់ភ្ញៀវទេសចរបរទេស ។
មុនកើតហេតុការណ៍យុវជនទាំងនេះដេញកាប់ភ្ញៀវទេសចរបរទេសខាងលើ គឺរយៈពេល១ម៉ោងមុន ពួកគេបានទើបតែធ្វើសកម្មភាពប្លន់ប្រាក់ពីភ្ញៀវទេសចរម្នាក់បានសម្រេច និងទទួលបានប្រាក់ចំនួន១.៤០០បាត ។ ក្រោយមក ពួកគេយកប្រាក់នេះមកចែកគ្នាចំនួន៧នាក់ គឺម្នាក់ៗទទួលបានប្រាក់២០០បាត ។ ប៉ុន្តែដោយសារប្រាក់តិចតួចពេក ពួកគេក៏នាំគ្នាជិះម៉ូតូប្លន់ភ្ញៀវទេសចរបរទេសបន្ថែមទៀត ហើយប្លន់មិនទាន់សម្រេចផង ស្រាប់តែភ្ញៀវទេសចរដេញតាម និងមានអ្នកនៅក្បែរនោះជួយភ្ញៀវទេសចរផងដែរ ។
សមត្ថកិច្ចលើកឡើងថា ពុំទាន់បានចោទប្រកាន់យុវជនទាំង៥នាក់នេះនៅឡើយទេ ពីព្រោះត្រូវធ្វើតាមលក្ខខណ្ឌសម្រាប់យុវជនជាមុនសិន ។ ប៉ុន្តែសមត្ថកិច្ចនឹងតាមចាប់ខ្លួនយុវជនចំនួន២នាក់ទៀតដែលបានរត់គេចខ្លួន គឺឈ្មោះ មេច និង ប៊ិន មកដាក់ទោសឱ្យបាន ។
ពលរដ្ឋលើកឡើងថា ករណីនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់ទីក្រុងទេសចរណ៍ប៉ាតាយ៉ា និងក្លាយជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ហើយពួកគេបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយផង បើមិនដូច្នោះទេ គ្មានអ្នកណាហ៊ានមកលេងប៉ាតាយ៉ាទេ ៕










