ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសអំពី “មេរោគ Zombie” ដែលតោងជាប់ក្នុងដុំទឹកកអាយុកាលជិត ៥០ ០០០ ឆ្នាំថាអាចនឹងលេចចេញមក ក្រោយពីការរលាយបន្តិចម្តងៗនៃដុំទឹកកតំបន់ប៉ូលអាក់ទិក។
ការកើនឡើងនៃកម្តៅគឺកំពុងតែរីករាលដាល ព្រោះតែសកម្មភាពផ្សេងៗរបស់មនុស្សសព្វថ្ងៃដូចជា ការកាប់បំផ្លាញព្រៃឈើ ការបំពុលបរិស្ថានជាដើម ដែលធ្វើឲ្យរលាយដុំទឹកកតំបន់ប៉ូល។ លើសពីនេះ គឺឃើញថាមានការបើកឧស្សាហកម្មមួយចំនួននៅតំបន់ប៉ូល ដូចជាការជីកយករ៉ែនៅស្រទាប់ក្រោមបំផុតនៃដុំទឹកកក ដែលភាគច្រើនមាននៅក្នុងប្រទេសកាណាដា ស៊ីបេរី និងអាឡាស្កា ក៏ដូចជាមានការដឹកជញ្ជូនដុំទឹកកតំបន់ប៉ូលយកទៅលក់នៅក្នុងស្រុកបានតម្លៃយ៉ាងកាក់កប ព្រោះថាអ្នកអាចដាក់ទឹកដោះគោជូរនៅក្នុងដុំទឹកកនោះ ហើយវានៅតែអាចបរិភោគបានរហូតដល់ទៅ ៥០ ០០០ឆ្នាំក្រោយ។
មេរោគ Zombie បុរាណត្រូវបានរកឃើញរួចហើយនៅតំបន់ស៊ីបេរី ដែលគេបានពិសោធន៍ឃើញថាមានអាយុ ៤៨ ៥០០ ឆ្នាំ។ មេរោគ Zombie នេះគ្រាន់តែជាឈ្មោះហៅក្រៅប៉ុណ្ណោះ ព្រោះវាត្រូវបានគេស្គាល់ថាជាពូជ អតិសុខុមប្រាណ Methuselah ។ មេរោគនេះគឺមានឥទ្ធិពលឆ្លងដល់សារពាង្គកាយមនុស្ស ក៏ដូចជាធ្វើឲ្យមានផ្ទុះជំងឺអាសន្នរោគមួយដ៏សាហាវឆ្លងនៅទូទំាងសកលលោក។
ក្រុមអ្នកវិទ្យាសាស្រ្តក៏បានកំណត់អត្តសញ្ញាណរួចហើយថាមេរោគ Zombie នេះនឹងបណ្តាលឲ្យមនុស្សឆ្លងជំងឺមួយចំនួនពីមេរោគ pox និងវីរុស Herpes ដែលនឹងធ្វើឲ្យកើតពងបែក ដំបៅ និងរលួយនៅលើស្បែក។ អ្វីដែលកាន់តែបារម្ភនោះគឺមេរោគនេះនឹងឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ហើយក្រុមអ្នកវេជ្ជសាស្រ្តគឺត្រូវតែរកវ៉ាក់សាំងដើម្បីទប់ស្កាត់ដូចទៅនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ដែរ។
ជាមួយនឹងការព្យាករណ៍ក៏បានបង្ហាញទៀតថានៅត្រឹមឆ្នាំ២០៤០ សមុទ្រអាកទិកនឹងគ្មានដុំទឹកកកទៀតទេ ដោយសារការការរលាយដុំទឹកកកព្រោះតែការកើនឡើងនៃកម្តៅ រួមបញ្ចូលជាមួយនឹងឧស្សាហកម្មមនុស្សនៅតំបន់អាក់ទិក ដូចជាការដឹកជញ្ជូនដុំទឹកកក និងការជីកយករ៉ែនៅទីនោះ។
ប្រតិបត្តិការរុករករ៉ែដ៏ធំកំពុងត្រូវបានគេគ្រោងទុកនៅតំបន់អាក់ទិច ដោយប្រតិបត្តិការចោះចូលទៅក្នុងស្រទាប់ដ៏ជ្រៅនៃដុំទឹកកដើម្បីទាញយកប្រេង និងរ៉ែ។ ជាមួយគ្នានេះ ប្រតិបត្តិការទាំងនោះនឹងបញ្ចេញបរិមាណដ៏ច្រើននៃមេរោគដែលកប់ខ្លួននៅក្នុងនោះ។ អ្នករុករករ៉ែប្រៀបដូចជាអ្នកគាស់ផ្នូរមេរោគនោះឲ្យងើបឡើងមកអ៊ីចឹង ដែលវានឹងបង្កគ្រោះមហន្តរាយដល់មនុស្សនៅទូទាំងភពផែនដី៕










