តារាចម្រៀង និងសម្តែង ឌី សូនិត្តា បានបង្ហាញពីការឈឺចាប់របស់ខ្លួនទាំងទឹកភ្នែកជាលើកដំបូងនៅក្នុងកម្មវិធីមួយដែលត្រូវបានមិត្តភក្តិមានចិត្តមិនស្មោះត្រង់ លួចក្បត់ខ្លួន ធ្វើគ្រប់យ៉ាងដើម្បីតែលុយចង់ឱ្យមានបានស្មើគ្នាស្រួលដើរជាមួយគ្នា។ ការឈឺចាប់នេះវាជាដំបៅកប់ជ្រៅក្នុងចិត្តរបស់ ឌី សូនិត្តា រហូតនាងខ្លាចពាក្យថា «មិត្តភក្តិល្អ»។
នៅក្នុងកម្មវិធី 3fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១៩ មករា អ្នកនាង ឌី សូនិត្តា តារាសម្តែង និងជាម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ បានចូលរួមជាតារាកិត្តិយសជាមួយកញ្ញា ហេង បូនីកា លំដាប់រងទី២ Miss Universe Cambodia 2022 ដោយបានចែករំលែកទាំងភាពសប្បាយនិងបទពិសោធជីវិតទៅកាន់ទស្សនិកជន។
ក្នុងនោះដែរ អ្នកនាង ឌី សូនិត្តា បានចែករំលែក ធ្លាប់ឈឺចាប់ដោយសារមិត្តរហូតដល់ធ្វើបាបខ្លួនឯង ដែលការឈឺចាប់នេះឈឺជាងស្នេហាទៅទៀត ព្រោះបានជួបមិត្តភក្តិចំនួនពីរនាក់សុទ្ធតែប៉ះរឿងធ្ងន់។ ការឈឺចាប់នេះ ធ្ងន់រហូតដល់ថ្នាក់ម្តាយរបស់នាងទទួលយកអត់បានរហូតគាត់យំធ្វើយ៉ាងមិចក៏បានឱ្យតែកូនគាត់មកវិលមកដូចដើម។
ឌី សូនិត្តា ថាការឈឺចាប់នេះបានក្លាយជារឿងដិតដាមហើយនៅពេលឮពាក្យថាមិត្តភក្តិនាងអួលដើមកនិងខ្លាច សូម្បីពេលនេះកូនចៅរបស់នាងក៏ដោយ និងអ្នកផ្សេងទៀត នាងអត់ចូលចិត្តប្រើពាក្យថាស្រលាញ់ច្រើនទេ ព្រោះខ្លាចពេលកាន់តែស្រលាញ់ កាន់តែបាត់បង់សុខចិត្តធ្វើខ្លួនធម្មតាវិញ។ តារាស្រីរូបនេះថា មិត្តភក្តិទីពីរដែលធ្វើឱ្យខ្លួនឈឺចាប់ គាត់ចង់បានចម្លើយ តែខ្លួនមិនបានប្រាប់ចម្លើយទៅវិញទោះបីជាម្នាក់នោះមកទទួលកំហុសក៏ដោយ ហើយចម្លើយនោះនាងប្រាប់ម្តាយតែម្នាក់គត់។ ប៉ុន្តែពេលនេះនាងសូមនិយាយក្នុងកម្មវិធីតែម្នាក់ម្តង ហើយដឹងថាអតីតមិត្តភក្តិរបស់នាងនឹងចូលមើលដូចគ្នា។
នី សូនិត្តា ថាមិត្តភក្តិទីពីរ គាត់ធ្លាប់មក Surprised ខួបកំណើតនាង ប៉ុន្តែនាងប្រៀបដូចមនុស្សអត់វិញ្ញាណ មិនបាននិយាយអ្វីទាំងអស់ ដោយមិត្តភក្តិរបស់នាងប្រើភាសា សូមទោសដែលគេត្រូវការលុយជាជាងនាង ហើយការធ្វើដូចនេះដើម្បីឱ្យមានស្មើគ្នា មិត្តភក្តិចង់ឃើញមិត្តភក្តិមាន ទៅដើម្បីមាន ពេលមានទៅយើងស្រួលដើរជាមួយគ្នា ដែលការគិតនេះផ្ទុយពីការគិតរបស់ខ្លួនទៅហើយ ទើបនាងអួលដើមកនិយាយមិនចេញសូម្បីមួយម៉ាត់។
ឌី សូនិត្តា លើកឡើងទៀតថា មិត្តភក្តិម្នាក់នោះទៅចង់មានបានទាំងដឹងថាផ្លូវនោះទៅជាមួយមនុស្សដែលកំពុងសម្លាប់នាងតាំងពីដើម ហើយតាំងពីពេលនោះហើយដែលមិត្តភក្តិរបស់នាងបានក្បត់ ហើយការសារភាពរបស់មិត្តភក្តិនាងស្តែងឱ្យដឹងថា ដើម្បីលុយបោះបង់នាងចោល។ រូបភាពមួយទៀតដែលធ្វើឱ្យ ឌី សូនិត្តា ដឹងថាម្នាក់នោះលែងមានឈ្មោះជា Best Friend តទៅទៀតបន្ទាប់ពីឃើញសកម្មភាពរបស់គេលូនក្រាបដើម្បីតែចង់បានលុយ៕










