ថ្ងៃទី២២ ខែមករា ដែលតារាចម្រៀងរ៉េប វណ្ណដា ត្រៀមទម្លាក់បទថ្មីជាកាដូដល់អ្នកគាំទ្រក្នុងថ្ងៃខួបកំណើតត្រូវបានដឹងថាជាបទថ្មីសហការជាមួយតារារ៉េបជប៉ុន Awich ។ ទន្ទឹមនឹងដំណឹងបទថ្មីនេះងាកទៅកាន់ហ្វេនៗគុណភាពរបស់ វណ្ណដា វិញបានត្រៀមកាដូជាពិសេសដល់អាយរបស់ខ្លួននឹងមានការចាក់បញ្ចាំងផ្ទាំង LED ចំនួន៤ថ្ងៃនៅទីតាំងមួយក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរខួបកំណើតរបស់តារារ៉េបល្បីឈ្មោះរូបនេះ។
មិនឱ្យហ្វេនៗខកចិត្តក្នុងឱកាសខួបកំណើតរបស់ខ្លួនមានកាដូបទថ្មីទៅដល់អ្នកគាំទ្រជារៀងរាល់ថ្ងៃទី២២ មករា ចាប់តាំងពីឆ្នាំ២០១៩មក ពេលនេះ វណ្ណដា បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោកថា ថ្ងៃពិសេសនេះលោកនឹងទម្លាក់បទថ្មីមានចំណងជើងថា «៦ Years In The Game» ជាផ្លូវការបន្ទាប់ពីបង្ហើបប្រាប់អ្នកគាំទ្រកាលពីថ្ងៃមុន។ អ្វីដែលកាន់តែពិសេសធ្វើឱ្យហ្វេនៗអន្ទះសារខ្លាំងនោះបទថ្មីក្នុងថ្ងៃខួបកំណើតរបស់ វណ្ណដា ក្នុងឆ្នាំ២០២៤ នេះលោកបានសហការជាមួយតារារ៉េប Awich ដែលជាតារារ៉េបដ៏ល្បីប្រចាំប្រទេសជប៉ុន។
គេចាំបានថា កាលពី វណ្ណដា ចេញទៅច្រៀងនៅជប៉ុនលើកដំបូងក្នុងខែកក្កដា ឆ្នាំ២០២៣ បានប៉ះជាមួយតារារ៉េបដ៏ល្បី Awich ហើយតារាចម្រៀងរូបនេះបានចែករំលែកពីវប្បធម៌របស់ប្រទេសទៅវិញទៅមកប្រកបដោយភាពសិទ្ធស្នាលជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២៣ តារាចម្រៀង Awich ក៏បានមកសម្តែងនៅលើដីប្រទេសកម្ពុជាដូចគ្នាដោយបានបកស្រាយចម្រៀងជាមួយ វណ្ណដា ក្នុងថ្ងៃផ្តាច់ព្រ័ត្រ The Rapper Cambodia ធ្វើឱ្យហ្វេនៗស្រែកកងរំពងយ៉ាងខ្លាំង។
ជាមួយកាដូបទថ្មី «៦ Years In The Game» ពី វណ្ណដា និង Awich ដែលត្រៀមទម្លាក់ក្នុងថ្ងៃទី២២ មករា ងាកទៅកាន់ហ្វេនៗគុណភាពរបស់ វណ្ណដា វិញក៏មិនណយដូចគ្នាដោយពួកគេបានកៀងគរថវិកាគ្នានឹងចាក់បញ្ចាំងផ្ទាំង LED នៅ The Bridge ភូមិ១៤ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលចាប់ផ្តើមចាក់នៅម៉ោង ៤:៣១ ល្ងាច ដល់ម៉ោង ៧:៣០យប់ ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២៣ ខែមករា ឆ្នាំ២០២៤ នេះដើម្បីអបអរខួបកំណើតរបស់ វណ្ណដា។
គួរបញ្ជាក់ថា វណ្ណដា បានទម្លាក់បទក្នុងថ្ងៃពិសេសរបស់គេកន្លងមកមានដូចជា J+O , BORN THIS WAY , IF I DIE , KHMER BLOOD ,CHAPTER 1 និងបទក្នុងឆ្នាំនេះ «៦ Years In The Game»៕










