កញ្ញា តី ដែលមហាជនភាគច្រើនស្គាល់ថា តីវាយម៉ាលុយ បានប្តេជ្ញាចិត្តរបស់ខ្លួនបន្តដំណើរធ្វើជាអ្នកចម្រៀងរ៉េបស្រីនៅកម្ពុជាទោះបីមានឧបសគ្គប៉ុណ្ណាមិនចុះចាញ់នោះទេនិងត្រៀមអ្វីដែលថ្មីៗជូនដល់អ្នកគាំទ្រក្នុងឆ្នាំ២០២៤។ ការប្រកាសនេះធ្វើឡើងដោយសារតែកិច្ចសន្យារបស់តារាចម្រៀងរូបនេះបានបញ្ចប់ជាមួយផលិតកម្ម រាម ខណៈផលិតកម្មនេះប្រឈមនឹងការប្រកាសក្ស័ណធន។ ជាមួយគ្នានេះដែរអ្នកគាំទ្រមួយចំនួនចង់ឱ្យអ្នកចម្រៀងរូបនេះចូលផលិតកម្មបារមីនិងសង្ស័យថា តី អាចចូលទ្រនំនេះដូចគ្នា។
កាលពីអតីតកាល តី គឺជាអ្នករាំម្នាក់របស់តារាចម្រៀង មាស សុខសោភា បន្ទាប់មកបានតស៊ូវាសនារបស់ខ្លួនក្លាយជាអ្នកចម្រៀងរ៉េបម្នាក់ក្រោយពីទទួលបានផ្លែផ្កាតាមរយៈបទចម្រៀង វាយម៉ាលុយ ដែលបានចេញកាលពីឆ្នាំ២០១៨។ ការស្រលាញ់វិស័យចម្រៀងរ៉េប ជំរុញឱ្យ តី តស៊ូក្នុងអាជីពសិល្បៈផលិតបទចម្រៀងផ្ទាល់ខ្លួនពីមួយបទទៅមួយបទទោះបីជាបទខ្លះមិនទទួលបានការគាំទ្រដូចបទ វាយម៉ាលុយ ក៏ដោយ។
ភាពតស៊ូរបស់ តី បានជំរុញឱ្យខាងផលិតកម្មរាមជ្រើលរើសតី ធ្វើជាតារាចម្រៀងកុងត្រាហើយបានទម្លាក់បទចម្រៀងផ្លូវការកាលពីចុងខែធ្នូ ឆ្នាំ២០២១ ក្រោមការចូលរួមបង្ហោះអបអរសាទរដោយរៀមច្បង មាស សុខសោភា។ ជ្រកក្នុងទ្រនំតែមួយនាពេលកន្លងមក តី និងអ្នកនាង មាស សុខសោភា ធ្លាប់បានចេញបទចម្រៀងមួយបទមានចំណងជើងថា «អ្នកកំដរអាជីព» កាលពីខែតុលា ២០២២។
ទោះយ៉ាងណា នៅខែមករា ឆ្នាំ២០២៤ តារាក្នុងទ្រនំរាម បានចេញមកប្រកាសម្តងម្នាក់ៗថាបានបញ្ចប់កុងត្រាជាមួយផលិតកម្មហើយស្របពេលអ្នកនាង ស្រីអូន ធ្លាប់បាននិយាយថានឹងមានក្រុមហ៊ុនមួយប្រកាសក្ស័ណធនដែលទំនងជាផលិតកម្មរាមនេះហើយ។
ជាមួយគ្នានេះ តី វាយម៉ាលុយ ក៏បានប្រកាសដូចគ្នានៅលើបណ្តាញសង្គមដោយប្តេជ្ញាចិត្តបណ្តើរដំណើរធ្វើជាតារាចម្រៀងរ៉េបស្រី មិនចុះចាញ់ឧបសគ្គព្រមទាំងបង្ហើបថានឹងមានបទថ្មីជូនអ្នកគាំទ្រឆាប់ៗ។ តី បានសរសេររៀបរាប់នៅថ្ងៃទី១៦ មករា ថា គោរពជំរាបសួរពុកម៉ែ បងប្អូន និង FANS របស់នាងខ្ញុំទាំងអស់ ថ្ងៃនេះ នាងខ្ញុំមានដំណឹងដើម្បីជម្រាបជាផ្លូវការថា កិច្ចសន្យារបស់ នាងខ្ញុំ TEY$ និង “ផលិតកម្មរាម” ត្រូវបានបញ្ចប់ចាប់ពីថ្ងៃនេះតទៅ។ នាងខ្ញុំសូមអរគុណ ដល់ក្រុមការងារទាំងអស់ដែលបានសហការណ៍យ៉ាងល្អកន្លងមក»។.png)
តី បន្តថា «អរគុណដល់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ដែលបានស្រលាញ់គាំទ្រ និង នៅតែបន្តការគាំទ្រជានិច្ច មិនថានាងខ្ញុំបានធ្វើការសម្រេចចិត្តបែបណានោះឡើយ នាងខ្ញុំតែងមានអ្នកទាំងអស់គ្នាជាកម្លាំងចិត្តដ៏ធំរហូតមក។ នាងខ្ញុំសន្យាថា នឹងបន្តដំណើរមួយនេះក្នុងឈ្មោះជា Rapperស្រី ក្នុងបេះដូងពុកម៉ែ បងប្អូន និង FANS ទាំងអស់មិនចុះចាញ់ត្រឹមនេះនោះឡើយ។ សូមស្វាគមន៍មកកាន់ឆ្នាំថ្មី ជាកិច្ចបើកទំព័រថ្មីក្នុងឆ្នាំ២០២៤ យើងនឹងជួបគ្នាឆាប់ៗ ជាមួយបទថ្មីៗដែលនាងខ្ញុំបានត្រៀមជាពិសេសសម្រាប់បងប្អូន នៅពេលក្រោយទៀត»។
ជុំវិញការប្រកាសបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មចាស់ តី វាយម៉ាលុយ ត្រូវបានហ្វេនៗចង់ឱ្យរូបនាងចូលផលិតកម្មបារមី ដែលជាផលិតកម្មល្បីឈ្មោះខាងវិស័យរ៉េបត្រូវនឹងទេពកោសល្យរបស់នាង។ ស្របពេលនឹងមានហ្វេនជំរុញលើកទឹកចិត្តក៏មានអ្នកគាំទ្រសង្ស័យថា តី ចូលផលិតកម្មបារមីដូចគ្នាបន្ទាប់ពីឃើញកញ្ញា ស៊ូ ស៊ីរីកា ចែករំលែកស្វាគមន៍វិលត្រលប់របស់នាង។
ទោះជាយ៉ាងណា ពេលនេះនៅមិនទាន់មានប្រភពច្បាស់ការណ៍នោះទេថា តី ចូលផលិតកម្មណាមួយ ឬបន្តធ្វើជាអ្នកចម្រៀងឯករាជ្យ ដូច្នេះមានតែរង់ចាំតាមដានបន្តទៀត៕










