ព្រះកាយច័ន្ទ បេក្ខនារី Miss Grand PHNOM PENH តំណាងខណ្ឌទួលគោក បានបេ្តជ្ញាចិត្តមោះមុតក្នុងការប្រកួតវិស័យបវរកញ្ញា Miss Grand Cambodia បើមិនជាប់តំណាងជាតិប្រកួតលើឆាក Miss Grand International ទេនាងនឹងមិនទៅប្រកួតកម្មវិធីផ្សេងជាដាច់ខាត។ ការសម្រេចចិត្តនេះទំនងបន្ទាប់ពីនាងទទួលដំណឹងថាក្រៅពីជ័យលាភីឯក អ្នកជាប់លំដាប់រងផ្សេងទៀតនឹងអាចចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីផ្សេងមិនទុកតំណែងទំនេរចោលដូចឆ្នាំ២០២៣ឡើយ។
អ្នកគាំទ្រជ្រាបមកហើយថាតារាសម្តែងនិងជាពិធីការិនី ព្រះកាយច័ន្ទ បានទទួលឈាងជាផ្លូវការសម្រាប់ការប្រកួតប្រជែងជាមួយបេក្ខនារីផ្សេងទៀតនៃ Miss Grand PHNOM PENH ដែលរូបនាងបានតំណាងឱ្យខណ្ឌទួលគោក។ បេក្ខភាព ព្រះកាយច័ន្ទ បានធ្វើឱ្យអ្នកគាំទ្រផ្ទុះកក្រើកនិងការសាទរយ៉ាងខ្លាំងចំពោះការប្រកួតរបស់នាង ខណៈ ព្រះកាយច័ន្ទ មានទាំងសមត្ថភាពនិងសម្រស់តាមការចង់បានរបស់ Grand ។
យ៉ាងណាមិញ នៅថ្ងៃទី១១ មករា នេះ ព្រះកាយច័ន្ទចេញមកបង្ហោះសារយ៉ាងមោះមុតជាមួយការបេ្តជ្ញាចិត្តដើម្បីតំណាងប្រទេសកម្ពុជាដោយកញ្ញាសម្រេចចិត្តនឹងមិនទៅប្រកួតកម្មវិធីផ្សេងឡើយក្រៅពីឆាក Miss Grand International។ បេក្ខនារីរូបនេះបានរៀបរាប់ថា «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។
នាថ្មីៗនេះផងដែរតាមរយៈផេកអ្នកគាំទ្របវរកញ្ញាបានបង្ហើបដំណឹងថាកម្មវិធី Miss Grand Cambodia 2024 ដែលមានលោកស្រី អ៊ឹម សុគន្ធា ដឹកនាំក្នុងឆ្នាំទី២ គ្រោងនឹងបញ្ជូនលំដាប់រងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីបវរកញ្ញាផ្សេងទៀតក្រៅពីជ័យលាភីឯកប្រកួតលើឆាក Miss Grand International។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ព្រះកាយច័ន្ទ បានខិតខំប្រឹងប្រែងហ្វឹកហាត់លុតដុតសមត្ថភាពយ៉ាងខ្លាំងក្នុងការប្រកួតវិស័យបវរកញ្ញា ខណៈការប្រកួតផ្តាច់ព្រ័ត្រ Miss Grand PHNOM PENH នឹងធ្វើឡើងនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕










