សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន បច្ចេកវិទ្យាបានអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោក ហើយក្រុមហ៊ុននានាបានផលិតមនុស្សយន្តឡើងមកសម្រាប់ជួយការងាររបស់មនុស្ស ។ គេបានឃើញមនុស្សយន្តខ្លះធ្វើការផ្នែកបម្រើសេវាកម្មអតិថិជនក្នុងភោជនីយដ្ឋាន, មនុស្សយន្តខ្លះអាចគូរគំនូរ ខណៈមនុស្សយន្តខ្លះទៀតមានសមត្ថកិច្ចពិសេស រហូតធ្វើឱ្យមនុស្សយើងបារម្ភខ្លាចបាត់បង់ការងារធ្វើ ។
បុរសអ្នកជំនួញបារាំងម្នាក់បានបង្ហាញមនុស្សយន្ត iYU ដែលអាចធ្វើចលនាទៅមកបានដូចជាអ្នកម៉ាស្សាដែរ ។ លោកមានតួនាទីជា CEO របស់ក្រុមហ៊ុន Capsix Robotics និយាយថា ៖ «នៅពេលមានអ្នកជំងឺសម្រាកនៅលើគ្រែ ឧបករណ៍ស្កេន 3D នៅលើគ្រែនឹងអាចយល់អំពីរូបរាងរបស់អ្នកជំងឺ ។ បន្ទាប់មក វានឹងម៉ាស្សាឱ្យអ្នកជំងឺតែម្តង ។ បច្ចុប្បន្ន មនុស្សប្រមាណ៧០% មានអាការៈឈឺខ្នង ហើយមនុស្ស៦០% ទៀតប្រឈមនឹងបញ្ហាភាពតានតឹង» ។
លោកបន្តថា ៖ «វាជាបញ្ហាមួយធំណាស់ ហើយវាមិនអាចទៅរួចទេ ដែលយើងអាចដោះស្រាយបញ្ហានេះដោយដៃរបស់យើង ។ យើងមិនអាចធ្វើបែបនេះបានទេ ប៉ុន្តែមនុស្សយន្ត និងបញ្ញាសិប្បនិម្មិតអាចជួយឱ្យយើងដោះស្រាយបញ្ហាបាន ។ បច្ចុប្បន្ន អ្នកម៉ាស្សាមិនចង់បានអ្នកជំងឺថ្មីទេ ដោយសារពួកគេមានអ្នកជំងឺច្រើនហើយ ។ យើងឃើញថា នៅតាមសណ្ឋាគារ និងមន្ទីរពេទ្យឯកជនប្រកាសស្វែងរកអ្នកម៉ាស្សាជំនាញ ហើយអ្នកម៉ាស្សាមុនៗក៏ចង់ផ្លាស់ប្តូរការងារដែរ ព្រោះវាជាការងារពិបាកខ្លាំង» ។
ចំណែកបុគ្គលិកផ្នែកម៉ាស្សានិយាយថា ៖ «ការពិត មនុស្សយន្តមិនបានជំនួសតំណែងរបស់អ្នកម៉ាស្សាទេ តែវាអាចជួយថែទាំអ្នកជំងឺបាន ដែលយើងនឹកស្មានពុំដល់ ។ ពេលនេះ វាមានជំនាញម៉ាស្សាខ្នង ។ មនុស្សភាគច្រើននឹងសម្រាកលក់ នៅពេលទទួលការម៉ាស្សាពីមនុស្សយន្ត ។ ដូច្នេះ វាគួរឱ្យសរសើរខ្លាំងណាស់» ។
បុរសម្នាក់ដែលមកចូលរួមការសាកល្បងម៉ាស្សាពីមនុស្សយន្ត ប្រាប់ថា ៖ «ខ្ញុំគិតថា វាពិសេសខ្លាំងណាស់ ហើយមនុស្សយន្តប្រភេទនេះដូចជាមនុស្សយើងអីចឹង ។ វាអាចនឹងមិនល្អដូចមនុស្ស១០០%ទេ តែវាជាដំណាក់កាលដំបូងដែលមនុស្សយន្តអាចធ្វើបាន» ។
រីឯបុរសមកចូលរួមកម្មវិធីសាកល្បងម្នាក់ទៀតប្រាប់ថា ៖ «ខ្ញុំគេងលក់តែម្តងនៅពេលមនុស្សយន្តម៉ាស្សាឱ្យ ។ វាពិតជាល្អខ្លាំងណាស់ ហើយខ្ញុំទទួលបានអារម្មណ៍ប្លែកផងដែរ ។ មនុស្សយន្តបានម៉ាស្សាដោយផ្ចិតផ្ចង់ និងល្អិតល្អន់» ។
គួរបញ្ជាក់ថា មនុស្សយន្តម៉ាស្សានេះត្រូវបានគេបង្ហាញ និងសាកល្បងប្រើប្រាស់ក្នុងកម្មវិធីមួយឈ្មោះ «Consumer Electronics Show» នៅរដ្ឋឡាស់វ៉េហ្គាស សហរដ្ឋអាមេរិក កាលពីដើមខែមករា ឆ្នាំ២០២៤ ៕










