ប្រទេសចិន ៖ បច្ចុប្បន្ន អ្នកស្រាវជ្រាវនៅប្រទេសចិនបានបង្កើតពូជពោតថ្មីមួយប្រភេទ ដែលផ្តល់លក្ខណៈងាយស្រួលដល់កសិករក្នុងការដាំដុះ ។ អ្នកស្រាវជ្រាវលើកឡើងថា ពូជពោតថ្មីនេះងាយស្រួលដាំដុះ, ពុំត្រូវការស្រោចទឹកច្រើន, ប្រឆាំងនឹងសត្វល្អិតបំផ្លាញ ហើយវាផ្តល់នូវទិន្នផលច្រើន បើធៀបនឹងពោតធម្មតា ។
នៅអគារស្រាវជ្រាវពីគ្រាប់ពូជដំណាំមួយកន្លែងស្ថិតនៅខេត្ត Shaanxi ប្រទេសចិន គេបានឃើញអ្នកជំនាញផ្នែកការដាំដុះគ្រាប់ពូជដំណាំបាននាំគ្នាស្រាវជ្រាវ និងបង្កើតពូជពោតប្រភេទថ្មី ។ ពូជពោតថ្មីនេះអាចផ្តល់នូវទិន្នផលខ្ពស់ ព្រមទាំងធន់នឹងជំងឺផ្សេងៗផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។
អ្នកស្រាវជ្រាវបញ្ជាក់ថា គេអាចដាំដុះពោតប្រភេទថ្មីនេះនៅលើផ្ទៃដីធំទូលាយ ដូចជា ៖ នៅតំបន់ឦសាន, តំបន់ខាងជើងប្រទេសចិន និងតំបន់ខ្វះខាតទឹកស្រោច ។ កសិករអាចដាំពោតប្រភេទថ្មីនេះ ព្រមទាំងដាក់ជីតាមធម្មតា ពីព្រោះវាមានឫសធំចាក់ទៅក្នុងដី ។ ហេតុនេះ វាជួយឱ្យកសិករអាចសន្សំសំចៃទឹកក្នុងការស្រោចស្រព ប៉ុន្តែកសិករទទួលបានផលច្រើនជាងពោតធម្មតា ។)
ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៤) អ្នកជំនាញផ្នែកកសិកម្មចិនបានព្យាយាមស្រាវជ្រាវ និងអភិវឌ្ឍន៍ឧស្សាហកម្មគ្រាប់ពូជដំណាំផ្សេងៗជាបន្តបន្ទាប់ ។ ពួកគេទទួលបានជោគជ័យលើការស្រាវជ្រាវពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មជាច្រើនប្រភេទ ដូចជា ៖ ការអភិរក្សធនធានគ្រាប់ពូជរុក្ខជាតិ, ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការបង្កើតទីតាំងដាំដុះគ្រាប់ពូជដំណាំលំដាប់ប្រទេស ៕










