កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង គឺបានប្រកាសអំពីការធ្លាក់ចុះយ៉ាងដុនដាបនៃសេដ្ឋកិច្ចប្រទេសចិន ដោយសង្កត់ធ្ងន់ទៅលើ សារជីវកម្មនិងក្រុមហ៊ុនអចលនទ្រព្យមួយចំនួនកំពុងជួបការលំបាក សង្វាក់ផលិតកម្មធ្លាក់ចុះ ខណៈប្រជាពលរដ្ឋពិបាកស្វែងរកការងារធ្វើ ដែលបណ្តាលឲ្យអត្រាឥតការងារធ្វើបានកើនឡើងខ្ពស់។
នេះជាលើកទីមួយហើយដែលលោក ស៊ី ជីនពីង បានលើកឡើងអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនយោបាយ បន្ទាប់ពីគាត់ឡើងកាន់តំណែងកាលពីឆ្នាំ ២០១៣ មក។ ភាពច្របូកច្របល់ក្នុងឆ្នាំថ្មីជាមួយនឹងបញ្ហាប្រឈមសេដ្ឋកិច្ចគឺបានធ្វើឲ្យប្រទេសចិនកំពុងឈានចូលដំណាក់កាលសំខាន់មួយ នៅពេលដែលអ្នកបង្កើតគោលនយោបាយព្យាយាមរក្សាស្ថិរភាពវិបត្តិនៅក្នុងទីផ្សារអចលនទ្រព្យ និងរារាំងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកពីធ្លាក់ចូលទៅក្នុងវិបតិ្តអតិផរណា។
វិស័យផលិតកម្មដ៏ធំរបស់ប្រទេសនេះបានចុះខ្សោយស្ទើរតែពេញមួយឆ្នាំ២០២៣ បើទោះបីជាមានការកើនឡើងសេដ្ឋកិច្ចក្នុងរយៈពេលខ្លីនៃត្រីមាសទីមួយ ឆ្នាំ២០២២ក្តី។ យោងតាមការិយាល័យស្ថិតិជាតិ (NBS) បានចេញផ្សាយការស្ទង់មតិប្រចាំខែរបស់ខ្លួន ដែលបង្ហាញថាសកម្មភាពរោងចក្រប្រទេសចិនគឺបានធ្លាក់ចុះក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ ថាដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។
សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានញាំញីដោយបញ្ហាជាច្រើននៅឆ្នាំ២០២៣នេះ រួមទាំងការធ្លាក់ចុះនៃអចលនទ្រព្យដែលបានអូសបន្លាយមករយៈពេលយូរ អត្រាអត់ការងារធ្វើរបស់យុវជនកើនឡើងខ្ពស់ និងច្របូកច្របល់ផ្នែកហិរញ្ញវត្ថុកើនឡើងជាលំដាប់នៅក្នុងប្រទេស។ ម៉្យាងវិញទៀត សញ្ញានៃភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ចចិនក៏កំពុងតែបន្ត ដោយកាលពីពេលថ្មីៗនេះ ការបង្រ្កាបលើឧស្សាហកម្មហ្គេមក្នុងប្រទេសចិន គឺបានធ្វើឲ្យមានការដួលរលំនិងខាតបង់ចំនួន ៨០ពាន់លានដុល្លារ ខណៈដែលវិនិយោគិនបរទេសបានធ្វើការទិញភាគហ៊ុនចិនប្រចាំឆ្នាំតិចតួចបំផុតមិនធ្លាប់មាន។![]()
ដោយទទួលស្គាល់ពីបញ្ហាដែលកំពុងប្រឈមមុខចំពោះការដែលសហគ្រាសមួយចំនួនត្រូវរងនូវផលលំបាកនិងបាត់បង់ទំនុកចិត្ត ខណៈប្រជាពលរដ្ឋខ្លួនក៏កំពុងតែប្រឈមមុខនឹងភាពឥតការងារធ្វើ ទើប លោកស៊ី ជីនពីង ក៏បានប្រកាសដោយមុតមាំថា «យើងត្រូវតែបង្រួបបង្រួមគ្នា ដើម្បីពង្រឹងសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ»។
ទោះជាយ៉ាងណា ប្រទេសចិន គឺកំពុងព្យាយាមស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងបង្កើនការងារជូនដល់ប្រជាពលរដ្ឋខ្លួនវិញ តាមរយៈការកែសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុនៅឆ្នាំ ២០២៤នេះ ។
គួរបញ្ជាក់ផងដែរថា បញ្ហាមួយទៀតរបស់ប្រទេសចិនគឺទាក់ទងជាមួយនឹងកោះតៃវ៉ាន់ ដែលបានផ្តាច់ខ្លួនចេញពីប្រទេសចិន ប៉ុន្តែចិននៅតែចាត់ទុកថាវាជារបស់ខ្លួន និងព្យាយាមបង្រួបបង្រួមឲ្យទាល់តែបាន ហើយអាចនឹងប្រើកម្លាំងទៅលើកោះនេះតែម្តងប្រសិនបើមានភាពចាំបាច់។ កោះតៃវ៉ាន់ក៏ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ហើយដំណើរការនៃការបោះឆ្នោតលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះនឹងប្រព្រឹត្តិទៅនៅក្នុងខែមករា ឆ្នាំ២០២៤នេះខាងមុខនេះ។ ទោះជាយ៉ាងណា ប្រទេសចិនមិនពេញចិត្តនឹងដំណើរការបោះឆ្នោតសេរីនេះទេ ដូច្នេះមានតែរងចាំមើលថា នាពេលឆាប់ៗនេះអាចនឹងមានការរង្គោះរង្គើរផ្នែកភូមិសាស្រ្តនយោបាយនេះឬយ៉ាងណា?










