ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនៅខេត្តឧត្តរថានី ប្រទេសថៃ បានទទួលបណ្តឹងមួយថា មានព្រះសង្ឃ១អង្គបានដោះស្បង់ចីពរនៅលើរថយន្តក្រុងដឹកអ្នកដំណើរពីខេត្តឧត្តរថានី ទៅខេត្តនគររាជសីមា នៅស្ថានីយរថយន្តក្រុងខេត្តឧត្តរថានី ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្រីភ្ញាក់ផ្អើល និងប្តឹងសន្តិសុខ ។

ភ្នាក់ងារសន្តិសុខបានឃាត់ខ្លួនព្រះសង្ឃអង្គនេះ ព្រមទាំងដកហូតយកអត្តសញ្ញាណប័ណ្ណ និងកាបូបធ្វើដំណើរ ។ តាមរយៈការសាកសួរជំហានដំបូងឱ្យដឹងថា ព្រះសង្ឃមានព្រះនាម កុ ព្រះជន្ម២៣វស្សា មកពីស្រុកកូស៊ុមពិស័យ ខេត្តមហាសារ៉ាខាម ហើយមានសតិពុំសូវល្អទេ ។

បន្ទាប់ពីការត្រួតពិនិត្យក្នុងកាបូបធ្វើដំណើរ គេបានឃើញថ្នាំព្យាបាលជំងឺសរសៃប្រសាទ, នំចំណី និងដបទឹក ដែលញាតិញ៉ោមបានរាប់បាត្រនៅផ្សារ ។ ប៉ុន្តែសមត្ថកិច្ចពុំបានឃើញឯកសារអ្វីផ្សេងទៀតឡើយ ។ ពេលខ្លះ ព្រះសង្ឃ កុ ឆ្លើយតបជាមួយសមត្ថកិច្ចមិនត្រូវសាច់រឿង ហើយពេលខ្លះទៀត ព្រះសង្ឃនិយាយបណ្តើរ យំបណ្តើរថា គ្មានអ្នកណាស្រឡាញ់, គ្មានអ្នកចាប់អារម្មណ៍ ហើយការដោះស្បង់ចីពរនៅលើរថយន្តក្រុងនេះ ដោយសារចង់មានអារម្មណ៍ល្អ ។

ព្រះសង្ឃ កុ មានសង្ឃដីកាថា ព្រះអង្គបានបួសអស់រយៈពេល១ឆ្នាំហើយ ។ ពីដំបូងគិតថា មកបួសជាព្រះសង្ឃដើម្បីសងគុណឪពុក-ម្តាយ ប៉ុន្តែដោយសារមានជំងឺសរសៃប្រសាទ ក្រោយកើតហេតុការណ៍ដួលម៉ូតូកាលពីអាយុ១៨ឆ្នាំ ទើបព្រះអង្គទៅវះកាត់ខួរក្បាលនៅមន្ទីរពេទ្យ ។ បន្ទាប់មក ព្រះអង្គបានឆាន់ថ្នាំដើម្បីព្យាបាលជំងឺគ្រប់ពេលវេលា ។

នៅពេលចូលវស្សា ព្រះអង្គបានគង់នៅវត្តមួយក្នុងស្រុកកូស៊ុមពិស័យ ខេត្តមហាសារ៉ាខាម ហើយព្រះអង្គបានគេចពីវត្តអស់ចំនួន៣ថ្ងៃ ព្រោះគ្មានអ្នកណាស្រឡាញ់ និងគ្មានអ្នកយល់ចិត្ត ។ បន្ទាប់មក ព្រះអង្គបានធ្វើដំណើរមកខេត្តឧត្តរថានី ចំនួន១ថ្ងៃ ហើយមិនដឹងថា នឹងដើរលេងនៅកន្លែងណាបន្តទៀត ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនមុន ។

ចំណែកលោក និរ៉ាន់ រ៉បរូ ជាបុគ្គលិករថយន្តក្រុងនិយាយថា លោកបានឃើញព្រះសង្ឃ កុ មកសុំសាកថ្មទូរស័ព្ទ ។ ពេលនោះ លោកមិនដឹងថា ជាព្រះសង្ឃទេ ក៏ឱ្យសាកថ្ម ។ នៅពេលសាកថ្មរួច ព្រះសង្ឃប្រាប់ថា នឹងធ្វើដំណើរទៅក្រុងបាងកក ប៉ុន្តែក្រោយមកប្រាប់ថា ទៅខេត្តនគររាជសីម៉ា ។สามเณรอวดของลับบนรถทัวร์ ตร.คุมตัวถึงโรงพัก สไลด์หนอนโชว์ต่อ  ญาติพากลับไปรักษา

ហេតុនេះ លោក និរ៉ាន់ រ៉បរូ ក៏នាំព្រះអង្គទៅជិះរថយន្តក្រុង ដោយពុំចាំបាច់ទិញសំបុត្រអស់លុយទេ ។ នៅពេលព្រះសង្ឃឡើងជិះរថយន្តក្រុង ស្រាប់តែដោះស្បង់ចីពរបង្ហាញរបស់អាថ៌កំបាំងឱ្យគេឃើញ ហើយធ្វើឱ្យនារីម្នាក់ភ្ញាក់ផ្អើលរត់មកប្រាប់សន្តិសុខ និងប្រាប់លោក ។ ហេតុនេះ លោកក៏ប្រញាប់នាំព្រះសង្ឃឱ្យចុះពីរថយន្តក្រុងវិញ ហើយរង់ចាំសមត្ថកិច្ចមកសួរនាំ ។

សមត្ថកិច្ចឱ្យដឹងថា ព្រះសង្ឃ កុ និយាយស្តីពុំសូវដឹងរឿងទេ ទើបសមត្ថកិច្ចទូរស័ព្ទទៅសួរសាច់ញាតិនៅផ្ទះ ។ ពួកគេប្រាប់ថា ព្រះសង្ឃ កុ មានជំងឺខួរក្បាល ហើយបានលួចរត់ចេញពីវត្តអស់៣ថ្ងៃហើយ ។ ដូច្នេះ សាច់ញាតិបានធ្វើដំណើរមកទទួលព្រះសង្ឃត្រឡប់ទៅផ្ទះវិញដើម្បីផ្សឹក និងព្យាបាលជំងឺ ។ សាច់ញាតិសន្និដ្ឋានថា ព្រះសង្ឃមិនបានឆាន់ថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យទេ ទើបកើតអាការៈបែបនេះ ៕