នៅមុនកើតហេតុការណ៍គ្រោះរញ្ជួយនៅជប៉ុន គឺនៅចុងឆ្នាំ២០២៣ អ្នកមុជទឹក និងអ្នកនេសាទតាមសមុទ្រ បានប្រទះឃើញវត្តមានប្រភេទត្រីដ៏កម្រមួយដែលគេឲ្យឈ្មោះថា ‘Doomsday Fish’ ឬ Oarfish ឬ គេហៅថា “ត្រីរញ្ជួយដី”នៅក្រោមបាតសមុទ្រ។
មនុស្សជាច្រើនមានការព្រួយបារម្ភ និងចាត់ទុកថា វាគឺជាសត្វដែលនាំមកនូវដំណឹងអាក្រក់និងគ្រោះមហន្តរាយដ៏ធំនាពេលខាងមុខ សម្រាប់ប្រជាជននិងប្រទេសជប៉ុនមានជំនឿលើវត្តមានសត្វចម្លែកក្រោមបាតសមុទ្រ ‘Doomsday Fish’ ឬ Oarfish។
មិនយូរប៉ុន្មានផង ប្រទេសដែលសំបូរដោយដែនកោះមួយនេះពិតជាទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីពិតមែន គឺនៅដើមឆ្នាំថ្មី ២០២៤នេះតែម្តង។
មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅទូទាំងប្រទេសជប៉ុន ហើយចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃទី០២ ខែមករានេះ គឺមានរហូតដល់ ៤៨ នាក់។ បន្ទាប់ពីគ្រោះរញ្ជួយដីបោកបក់យ៉ាងខ្លាំងដែលជាសញ្ញាព្រមានមួយបញ្ជាក់អំពីរលកយក្សស៊ូណាមិនិងកើតមានឆាប់ៗខាងមុខនេះ។
បើទោះជាយ៉ាងណា នៅក្នុងដំណើរការនៃការជួយសង្គ្រោះពលរដ្ឋចេញពីគ្រោះរញ្ជួយដីនេះ។ ប្រទេសជប៉ុនក៏បានជួបប្រទះនូវហេតុការណ៍ដ៏អាក្រក់មួយទៀតដែរ គឺយន្តហោះអាកាសចរណ៍ដឹកអ្នកដំណើររបស់ក្រុមហ៊ុន Japan Airline បានបុកគ្នាជាមួយយន្តហោះឆ្មាំសមុទ្រដែលត្រៀមហោះទៅជួយសង្គ្រោះពលរដ្ឋដែលកំពុងតែរង់គ្រោះ និងបានធ្វើឲ្យយន្តហោះអាកាសចរណ៍ឆាបឆេះយ៉ាងសន្ធោសន្ធៅ។
អ្នកដំណើរ និងនាវិកទាំងអស់ ៣៧៩នាក់ នៃយន្តហោះ Japan Airlines ត្រូវបានជម្លៀសចេញ ប៉ុន្តែសមាជិកនាវិករបស់ភ្នាក់ងារជួយសង្គ្រោះ ៥នាក់បានបាត់បង់ជីវិត និងម្នាក់រងរបួសធ្ងន់។
សូមរំលឹកផងដែរថា កោះ Honshu គឺជាកោះ ដ៏មានសក្តានុពលមួយរបស់ប្រទេសជប៉ុន ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដីកម្រិត 7.6 រ៉ិចទ័រ ជាមួយនឹងរលកយក្សស៊ូណាមិកម្ពស់ ១ ម៉ែត្រ វាយប្រហារតាមឆ្នេរសមុទ្រភាគខាងលិច។
វាគឺជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន។ ហើយឥឡូវនេះមនុស្សម្នាជាច្រើនកំពុងតែវិភាគថា តើវត្តមានត្រីដ៏ចម្លែក ដែលបានលេចចេញមកអោយប្រជាជនជប៉ុនបានឃើញកាលពីពេលមុននេះ។ តើវាពិតជាសញ្ញាណ និងជាសារដាស់តឿនសម្រាប់ប្រទេសជប៉ុនថា នឹងកើតគ្រោះមហន្តរាយដ៏អាក្រក់។
សូមរំលឹកថាប្រជាជនជប៉ុន មានរឿងព្រេងនិទានកថាដែលនិយាយពីប្រវត្តិ ត្រីចំលែកត្រី Oarfish ខាងលើ។ ហើយសម្រាប់អ្នកដែលមានជំនឿមាំលើរឿងនិទាននេះ ការជួប រឺបានឃើញសត្វត្រីចំលែក Doomsday Fish រឺ Oarfish គឺជារឿងដែលគួរអោយខ្លាចជាងគេបំផុតនៅក្នុងពិភពនៃបាតសមុទ្រ។ ជាធម្មតាប្រភេទត្រីចម្លែកមួយប្រភេទនេះ រស់នៅក្នុងទឹកដែលមានជម្រៅជ្រៅចាប់ពី១០០០ម៉ែត្រ(3,300 ហ្វីតឡើងទៅ)។ ហើយការដែលមើលឃើញពពួកត្រីចម្លែកនៅក្នុងទឹករាក់ គឺជាប្រផ្នូលនៃការរញ្ជួយដី ហើយជំនឿខាងលើនេះមានចាប់តាំងពីសតវត្សទី 17មកម្ល៉េះ ដែលគេអាចហៅថាវាជា “អ្នកនាំសារមកពីរាជវាំងនៃមហាសមុទ្រ” នេះបើយោងតាមការចុះផ្សាយរបស់កាសែត Japan Times ។
កាលពីចុងឆ្នាំ២០២៣ ក្រុមអ្នកមុជទឹកបានប្រទះឃើញត្រី Oarfish នៅឆ្នេរសមុទ្រតៃវ៉ាន់។ ប្រភេទត្រីដ៏កម្រនេះ ខណៈអ្នកខ្លះហៅវាថា “ត្រីរញ្ជួយដី” ដែលមានប្រវែងរហូតដល់ ៦ ហ្វីត ឬ ជិត ២ម៉ែត្រ ហើយដោយសារតែទំហំ និងរូបរាងដូចជាត្រីបញ្ឈរយ៉ាងចម្លែក និងមានលក្ខណៈស្រដៀងនឹង ‘សត្វពស់សមុទ្រ’ ក៏ត្រូវបានចាត់ទុកថាវាជាសញ្ញានៃគ្រោះមហន្តរាយរញ្ជួយដី ក៏ដូចជាប្រផ្នូលអាក្រក់របស់ប្រទេសជប៉ុននឹងកើតឡើងឆាប់ៗ។
បន្ទាប់មកគឺនៅដើមឆ្នាំ២០២៤នេះ ក៏បានកើតគ្រោះរញ្ជួយដីពិតមែន ហើយក៏កំពុងតែបន្តកើតឡើងដោយមិនដឹងទេថានឹងត្រូវបញ្ចប់នៅពេលណា ហើយនឹងមានមនុស្សស្លាប់ប៉ុណ្ណាន ហើយប្រទេសជប៉ុននឹងរងការខូតខាតដល់កម្រិតណាផងដែរ។
គួរបញ្ជាក់ផងដែរថា នៅចុងឆ្នាំ ២០០៩ និង ២០១០ គេក៏ប្រទះឃើញមានត្រីកម្ររាប់សិបក្បាលបានលេចចេញមកពីឆ្នេរសមុទ្រប្រទេសជប៉ុន។ បន្ទាប់មកនៅឆ្នាំ ២០១១ ប្រទេសជប៉ុនក៏ទទួលរងគ្រោះរញ្ជួយដី Tohoku និងរលកយក្សស៊ូណាយ៉ាងធ្ងន់ធ្ងរផងដែរ៕










