អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានច្រានព័ត៌មានដែលចុះផ្សាយថា អភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី២ មករានេះ។ លោក សោម ពិសិដ្ឋ ចាត់ទុកការចុះផ្សាយនេះគឺជារឿងមិនពិតនោះទេ។
ការចេញមុខច្រានចោលព័ត៌មានខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួណ បានធ្វើការចុះផ្សាយដោយដកស្រង់ប្រភពពីស្នងការខេត្តកែបថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក នាថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ។ សម្រាប់មូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនមន្រ្តីទាំង ២រូបនេះ មិនទាន់ដឹងលម្អិត និងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ៕









