ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា មានហេតុការណ៍យន្តហោះ២គ្រឿងបានបុកគ្នាត្រង់ចំណុច Runway C នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបណ្តាលឱ្យភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ។ រីឯយន្តហោះ១គ្រឿងទៀតជារបស់ឆ្មាំសមុទ្រជប៉ុន កំពុងត្រៀមហោះហើរទៅជួយពលរដ្ឋរងគ្រោះដោយសារគ្រោះរញ្ជួយដី ។
សារព័ត៌មានជប៉ុនរាយការណ៍ថា ជើងហោះហើរលេខ 516 បានហោះចេញពីអាកាសយានដ្ឋាន New Chitose ដែលជាអាកាសយានដ្ឋានអន្តរជាតិនៅកោះហុកកៃដូ មកកាន់អាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានប្រកាសព័ត៌មានបឋមថា យន្តហោះរបស់ខ្លួនបានបុកគ្នាជាមួយយន្តហោះ១គ្រឿងទៀតជារបស់ឆ្មាំសមុទ្រជប៉ុន ក្រោយពីយន្តហោះរបស់ក្រុមហ៊ុន Japan Airlines បានចុះចតនៅអាកាសយានដ្ឋាន ។
ភ្នាក់ងារសង្គ្រោះបានជម្លៀសអ្នកដំណើរសរុបចំនួន៣៦៧នាក់ ព្រមទាំងបុគ្គលិកបម្រើការនៅលើយន្តហោះ១២រូបទៀតចេញពីយន្តហោះយ៉ាងមានសុវត្ថិភាព ខណៈភ្នាក់ងារសង្គ្រោះផ្សេងទៀតប្រញាប់ជួយគ្នាពន្លត់ភ្លើង ។ ប៉ុន្តែយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុន ដែលបុកគ្នាជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines គឺមានមនុស្សជិះក្នុងនោះចំនួន៦នាក់ ហើយមនុស្ស៥នាក់ជាភ្នាក់ងារជួយសង្គ្រោះអ្នករងគ្រោះដោយសារគ្រោះរញ្ជួយដី ។
សារព័ត៌មានជប៉ុនរាយការណ៍ទៀតថា មានអ្នកដំណើរជិះនៅលើយន្តហោះបានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដែលបង្ហាញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងអាកាសយានដ្ឋាន Haneda ។ ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកដំណើរជិះលើយន្តហោះភ័យខ្លាចយ៉ាងខ្លាំង ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយ NHK រាយការណ៍ថា មុនហេតុការណ៍នេះកើតឡើង គឺយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុនកំពុងត្រៀមហោះហើរទៅកាន់ខេត្ត Niigata ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសាររញ្ជួយដី ប៉ុន្តែសំណាងអាក្រក់ ក៏ជួបហេតុការណ៍យន្តហោះបុកគ្នា ។ ខាងយន្តហោះឆ្មាំសមុទ្រជប៉ុនបញ្ជាក់ថា មានមនុស្ស៥នាក់នៅលើយន្តហោះបានស្លា.ប់ គឺពួកគេជាភ្នាក់ងារជួយសង្គ្រោះពលរដ្ឋដោយសារគ្រោះរញ្ជួយដី រីឯអ្នកបើកបរយន្តហោះរងរបួសធ្ងន់ធ្ងរ ៕










