តារាសម្តែង ដួង ម៉ានិច និងគូស្នេហ៍វ័យក្មេង Lyderzz Zy ហៅ ហ៊ាឆាត ជាអ្នកបង្កើតមាតិកា មួយរូបខណៈអ្នកទាំងពីរបានពួតដៃគ្នារកស៊ីទៅលើផលិតផលថែរក្សាសម្រស់បានបង្ហោះរូបភាព Pre Wedding យ៉ាងផ្អែមល្ហែមជាមួយគ្នាជិតឈានដល់ពិធីមង្គលការហើយ។ ទោះយ៉ាងណា ទន្ទឹមនឹងដំណឹងកញ្ញា ដួង ម៉ានិច ជិតចូលរោងការស្រាប់តែ ថៃ អតិជាតិបុត្រ ដែលជាដៃគូចាស់របស់ ដួង ម៉ានិច បង្ហោះសារសេដៗដូចមនុស្សខូចចិត្តថែមទាំងពោលពាក្យថា «បានត្រឹមនឹក គ្មានសិទ្ធិថែដូចមុន»។
ដូចអ្នកតាមដានមួយចំនួនជ្រាបមកហើយថាតារាវ័យក្មេង ថៃ អតិជាតិបុត្រ ម្ចាស់បទ គ្រាស្នេហ៍ គឺជាដៃគូចាស់របស់កញ្ញា ដួង ម៉ានិច ដែលអ្នកទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងរហូត ប៉ុន្តែបែរជារក្សាគម្លាតជាមួយគ្នា ខណៈដែល ដួង ម៉ានិច បានចាប់ផ្តើមសាងសម្ព័ន្ធភាពជាមួយ Lyderzz Zy វិញព្រមទាំងពង្រីកមុខរបររកស៊ីជាមួយគ្នា។ បន្ទាប់ពីឃ្លាតឆ្ងាយពីគ្នាមក ថៃ អតិជាតិបុត្រ បានបាត់មុខពីវិស័យសិល្បៈមួយរយៈធំ តែលោកធ្លាប់បានប្រាប់អ្នកគាំទ្រថាការបាត់មុខរបស់លោកដោយសារតែមានបញ្ហាគ្រួសារ។
យ៉ាងណាមិញនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ថៃ អតិជាតិបុត្រ បានបង្ហោះសារសោកសៅ ពីរឿងស្នេហា ដោយលោកបានរៀបរាប់ថា «គ្រាន់តែសង្ឃឹមថាថ្ងៃណាមួយ យើងអាចស្រលាញ់គ្នាម្តងទៀត..» ខណៈលោកក៏បានបន្ថែមក្នុងខម្មិនថា «បើបានជាស្រលាញ់គ្នាហើយត្រូវចេះថែរក្សា កុំចាំដល់ពេលបាត់បង់ទើបស្តាយក្រោយ និងមានប្រយោគមួយទៀតថា បានត្រឹមនឹក គ្មានសិទ្ធថែដូចមុន»។ លើសពីនេះ តារាប្រុសរូបនេះក៏បានបង្ហោះសារនឹករលឹកពីសង្សារចាស់ដូចគ្នា។
ការបង្ហោះពីអតីតកាលនឹកសង្សារចាស់ និងប្រយោគនឹកគេតែមិនអាចថែបានដូចមុនរបស់ ថៃ អតិជាតិបុត្រ នេះអ្នកគាំទ្របានលើកឡើងថា ទំនងជាតារាប្រុសរូបនេះចង់សម្តៅទៅដៃគូចាស់ កញ្ញា ដួង ម៉ានិច ដែលជិតចូលរោងការចោលលោក ខណៈអ្នកគាំទ្របានត្រឹមសោកស្តាយពីទំនាក់ទំនងរបស់លោក និង ដួង ម៉ានិច ដែលមិនអាចមានជីវិតគូរួមគ្នាបាន។
គួរបញ្ជាក់ផងដែរថា លោក Lyderzz Zy ហៅ ហ៊ាឆាត និង ដួង ម៉ានិច បានបញ្ចេញរូបភាព Pre Weeding យ៉ាងស្រស់ស្អាត ខណៈអ្នកទាំងពីរក៏បានបង្ហើបថាថ្ងៃមង្គលរបស់ពួកគេជិតមកដល់ហើយដោយសុំពាក្យជូនពរពីមហាជនផងដែរ៕










