ប្រទេសឈីលី ៖ ស្ត្រីម្នាក់រស់នៅប្រទេសឈីលីបានសម្រាលកូនប្រុសម្នាក់ ឬគេហៅថា «ទារកយក្ស» ដែលមានទម្ងន់រហូតដល់៧,១គីឡូក្រាម និងកម្ពស់៥៧សង់ទីម៉ែត្រ ។ គេចាត់ទុកថា ទារកនេះជាទារកដំបូងគេដែលមានទម្ងន់ធ្ងន់បំផុតនៅឈីលី ជាប្រទេសមួយស្ថិតនៅអាមេរិកខាងត្បូង ។ ប៉ុន្តែគ្រូពេទ្យឱ្យដឹងថា ទារកអាចប្រឈមមុខនឹងជំងឺមួយចំនួន ។Chile's largest baby? Newborn weighs in at 7 kg | Watch News Videos Online

ក្រុមគ្រួសារស្ត្រីខាងលើសប្បាយចិត្តខ្លាំងណាស់ ដោយសារទាំងម្តាយ និងកូនមានសុវត្ថិភាព ហើយគ្រូពេទ្យបានបញ្ជូនទារកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ (ICU) ។ រីឯស្ត្រីជាម្តាយកំពុងព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យ ។

អ្នកគ្រូពេទ្យឈ្មោះ ម៉ាសៀ វេណេកាស់ សូទីនរីផែត និយាយថា នេះអាចជាទារកមានមាឌធំដំបូងគេ ដែលនាងធ្លាប់បានឃើញប្រទេសឈីលី កត់ត្រា ។ កន្លងមក ប្រទេសឈីលីបានកត់ត្រាទារកមានទម្ងន់ធ្ងន់បំផុត គឺស្មើនឹង៦,៧គីឡូក្រាម ។ ប៉ុន្តែទារកនេះមានទម្ងន់រហូតដល់៧,១គីឡូក្រាមឯណោះ ។

ចំណែកលោក ឡុយ កនតេរ៉ាស់ ជាឪពុករបស់ទារកយក្ស ប្រាប់ថា ៖ «ទារកគួរតែមានមាឌតូចជាងនេះ ទើបត្រូវខ្នាតក្រណាត់ ឬសម្លៀកបំពាក់ទារកទើបនឹងកើត ។ ប៉ុន្តែសាច់ញាតិរបស់ខ្ញុំប្រាប់ថា មើលទៅកូនខ្ញុំវិញ គឺដូចក្មេងដែលមានអាយុ១ខួបអីចឹង» ។

ទារកយក្សនេះបានប្រសូត្រនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងគូរ៉ានិឡាហ៊ូ ហើយត្រូវបានគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យមួយទៀតនៅទីក្រុងកនសេបស៊ីអន ដោយសារនៅទីនោះមានឧបករណ៍ពេទ្យគ្រប់គ្រាន់ ។ រីឯស្ត្រីជាម្តាយបានទទួលបានការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងគូរ៉ានិឡាហ៊ូ ហើយនាងត្រៀមខ្លួនចេញពីមន្ទីរពេទ្យដើម្បីជួបមុខកូន ។

មន្ទីរពេទ្យបានចេញសេចក្តីថ្លែងការណ៍មួយថា ទារកនេះស្ថិតនៅក្រោមការថែទាំរបស់គ្រូពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយទារកមានបញ្ហាសុខភាពបន្តិចបន្តួច ។ អ្នកគ្រូពេទ្យ ម៉ាសៀ វេណេកាស់ និយាយថា ទារកទើបនឹងកើតនេះមានខ្លួនធំណាស់ ហើយគេអាចប្រឈមនឹងជំងឺមានជាតិស្ករក្នុងសរសៃឈាម និងជំងឺផ្សេងទៀត ៕