ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មានអាជ្ញាធរជាង១.០០០នាក់មកពីស្ថាប័នកងទ័ព, ប៉ូលិស និងភ្នាក់ងារសង្គ្រោះបន្ទាន់របស់កូរ៉េខាងត្បូង បានមកចូលរួមហ្វឹកហាត់រួមគ្នាដើម្បីទប់ទល់នឹងការវាយប្រហារពីប្រទេសកូរ៉េខាងជើង ។ ការហ្វឹកហាត់លើកនេះ កូរ៉េខាងត្បូងបានលើកយកករណីក្រុមហាម៉ាស់វាយលុ.កមកលើប្រទេសអ៊ីស្រាអែល មកធ្វើជាមេរៀនជាក់ស្តែង ។
ក្នុងការហ្វឹកហាត់របស់ក្រុមអាជ្ញាធរទាំងនេះ គេបានសន្មត់ថា បណ្តាញទំនាក់ទំនងសាធារណៈសំខាន់ៗនៅប្រទេសកូរ៉េខាងត្បូង កំពុងតែធ្លាក់នៅក្រោមការវាយប្រហាររបស់កូរ៉េខាងជើង ដូចជា ៖ បណ្តាញទឹកស្អាត, បណ្តាញទូរស័ព្ទ, បណ្តាញអ៊ីនធើរណេត, បណ្តាញអគ្គិសនី និងប្រព័ន្ធទំនាក់ទំនងនៅក្រោមដី ជាដើម ។
អភិបាលក្រុងសេអ៊ូល Oh Se-hun លើកឡើងថា អ៊ីស្រាអែល គឺជាប្រទេសមួយដែលមានប្រព័ន្ធការពារសុវត្ថិភាពនាំមុខគេលើពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមិនអាចការពារខ្លួនឯងពីការវាយប្រហារយ៉ាងខ្លាំងក្លារបស់ក្រុមហាម៉ាស់ ។ ហេតុនេះ ការវាយប្រហារនៅប្រទេសអ៊ីស្រាអែល ចាត់ទុកថា គឺជាមេរៀនសម្រាប់ឱ្យកូរ៉េខាងត្បូងអនុវត្តវិធានការដើម្បីការពារជីវិត និងសុវត្ថិភាពពលរដ្ឋកូរ៉េខាងត្បូង ដោយសារការវាយប្រហារភេរវ.កម្មរបស់កូរ៉េខាងជើង ។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង មានពលរដ្ឋរស់នៅប្រមាណ៩លាន៤សែននាក់ ហើយទីក្រុងនេះស្ថិតនៅឆ្ងាយពីព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ត្រឹមតែ៣៨គីឡូម៉ែត្រប៉ុណ្ណោះ ។ ហេតុនេះ ទីក្រុងសេអ៊ូលអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងក្លាយជាគោលដៅវាយប្រហារពីកូរ៉េខាងជើងគ្រប់ពេលវេលា ។
ការហ្វឹកហាត់របស់កូរ៉េខាងត្បូងបានធ្វើឡើងចំនួន១ថ្ងៃ ដើម្បីទប់ទល់នឹងស្ថានការណ៍អាសន្នដែលអាចកើតឡើង ដោយសារថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ (ICBM) និងបង្ហោះផ្កាយរណបចារកម្មទៅកាន់អវកាស ។ មុននេះ កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើកូរ៉េខាងជើង ដោយសំដៅលើគម្រោងអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕










