បរទេស៖ រថយន្តអគ្គិសនី Terren របស់ប្រទេសស្វីសដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដោយការឡើងលើជម្រាលភ្នំភ្លើងសកម្មខ្ពស់បំផុតរបស់ពិភពលោក ជាមួយកម្ពស់ ៦,៥០០ ម៉ែត្រ។
យោងតាមការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី ២៧ ខែធ្នូថា នេះជាលើកទីមួយហើយដែលយានអគ្គិសនីអាចឡើងដល់កម្ពស់ ៦,៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៃបច្ចេកវិទ្យាបៃតង។
រថយន្ត Terren ដែលប្រើក្នុងបេសកកម្ម គឺជារថយន្តដែលបានកែប្រែពីម៉ូដែល Aebi VT450 Transporter របស់ក្រុមហ៊ុនស្វីស Aebi Schmidt។ ដូច្នេះ សមាជិកបីនាក់នៃក្រុម Peak Evolution ដែលធ្វើការនៅប្រទេសស្វីស បានសាកល្បងបើកឡានថាមពលពន្លឺព្រះអាទិត្យ Terren ឡើងលើជម្រាលភាគខាងលិចនៃភ្នំភ្លើង Ojos del Salado ក្នុងប្រទេស Chile ដែលជាភ្នំភ្លើងសកម្មខ្ពស់បំផុតនៅលើភពផែនដីដោយជោគជ័យ ក៏ដូចជាទទួលបានកំណត់ត្រាថ្មីមួយសម្រាប់ការឡើងភ្នំខ្ពស់បំផុតផងដែរ។
រថយន្ត Terren បានបំពាក់ចង្កូតកង់ក្រោយសម្រាប់បង្កើនភាពរហ័សរហួន ហើយត្រូវបានបំពាក់ដោយកញ្ចប់ថាមពលថ្ម ៩០ kWh ដែលផ្តល់ចម្ងាយដល់ទៅ ២០០ គីឡូម៉ែត្រឯណោះ។ រីឯជំនាន់ផលិតអាចត្រូវបានដំឡើងនៅពេលក្រោយជាមួយនឹងកញ្ចប់ថ្មធំជាង ១៤០ kWh ដែលជួយបង្កើនការចល័ត។ ដូច្នេះហើយ ដំណើរកំណត់ត្រានេះបានចាប់ផ្តើមប្រហែលប្រាំបីសប្តាហ៍មុន នៅពេលដែលក្រុមហ៊ុនដឹកជញ្ជូន Gebrüder Weiss បានដឹកជញ្ជូន Terren ពីប្រទេសស្វីសទៅតំបន់ Atacama ប្រទេសឈីលី។
នៅចុងខែវិច្ឆិកា ក្រុម Peak Evolution បានសម្រេចនូវព្រឹត្ដិការណ៍ដ៏សំខាន់មួយ នៅពេលដែលពួកគេបានឡើងលើសសញ្ញាសម្គាល់ ៦,០០០ ម៉ែត្រ ដោយបំបែកកំណត់ត្រារថយន្តអគ្គិសនី។ បន្ទាប់មកប្រហែលមួយសប្តាហ៍ក្រោយ ពួកគេក៏បានបន្តបង្កើតកំណត់ត្រាថ្មីមួយជាមួយនឹងរយៈកម្ពស់ ៦,៥០០ ម៉ែត្រ។ បន្ទាប់ពីបង្កើតកំណត់ត្រាថ្មីបំផុតរបស់ពិភពលោក ក្រុមការងារ Peak Evolution គ្រោងនឹងបន្តការសាកល្បង និងអភិវឌ្ឍរថយន្តនេះក្នុងគោលបំណងធ្វើពាណិជ្ជកម្ម៕










