ឡាវគឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ជាពិសេសគឺតំបន់ទេសចរណ៍ផ្ទាល់តែម្ដង សុទ្ធតែស្អាត និងមានបរិយាសកាសស្ងប់ស្ងាត់ រួមទាំងស្រស់ស្រាយទៀតផង។ លើសពីនេះ ក្រៅពីមានតំបន់ទេសចរណ៍ធម្មជាតិស្អាតបែបបុរាណ ប្រទេសឡាវក៏មានការចំណាយលើការស្នាក់នៅ និងអាហារហូបចុក ក្នុងតម្លៃសមរម្យផងដែរ។ ដូច្នេះហើយ នៅគិតអីទៀតឆ្លងឆ្នាំខាងមុខនេះអាចមកទស្សនាកម្សាន្តនៅកន្លែងទេសចរណ៍ដ៏ទាក់ទាញទាំង ៥ ក្នុងប្រទេសឡាវដូចខាងក្រោម៖
១.វត្ត Xieng Thong៖ វត្ត Xieng Thong ជាកន្លែងទាក់ទាញមិនគួររំលងឡើយពេលទៅដល់ហ្លួងព្រះបាង។ វត្តនេះមានទីតាំងនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេណាំខាន់ ដែលត្រូវបានសាងសង់ឡើងតាំងពីរជ្ជកាលព្រះបាទជ័យជេដ្ឋាធិរាជក្នុងសតវត្សទី ១៦។ វាជាប្រាសាទដ៏សំខាន់ និងស្រស់ស្អាតបំផុត រួមទាំងមានការតុបតែងយ៉ាងអស្ចារ្យជាមួយនឹងលំនាំឆ្លាក់ផ្សេងៗ។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២០,០០០ គីប (ប្រហែល ៥,៤០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។

២.ច្រកទ្វារជ័យជំនះ Patuxay៖ Patuxay គឺជាកន្លែងសំខាន់នៃរដ្ឋធានីវៀងច័ន្ទ ដោយវាជាការរំឮកដល់ប្រជាជនឡាវដែលបានពលីជីវិត នៅក្នុងសង្រ្គាមមុនបដិវត្តកុម្មុយនិស្ត។ កន្លែងនេះពីមុនត្រូវបានគេស្គាល់ថាជាវិមាន Anousavary ដែលត្រូវបានសាងសង់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៨ ហើយក៏ជាបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២,០០០ គីប (ប្រហែល ៥០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។

៣.ទឹកធ្លាក់ Kuang Si៖ ទឹកធ្លាក់ Kuang Si មានចម្ងាយជិត ៣០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហ្លួងព្រះបាង ជាមួយទឹកធ្លាក់ថ្មកំបោរ កម្ពស់ ៤ជាន់ ឬប្រហែល ៧០ម៉ែត្រ នឹងហ៊ុព័ទ្ធដោយភ្នំ ព្រៃឈើ បង្កើតបានជារូបភាពធម្មជាតិដ៏ស្រស់ស្អាតបំផុត។ សម្រាប់តម្លៃសំបុត្រចូលទស្សនាវិញគឺ ១០,០០០ គីប (ប្រហែល ២,៧០០រៀល) ក៏ដូចជាបើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាចផងដែរ។

៤.ឧទ្យានព្រះពុទ្ធ Xieng Khuan៖ ឧទ្យានព្រះពុទ្ធ Xieng Khuan ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥៨ នឹងមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីកណ្តាលនៃរដ្ឋធានីវៀងច័ន្ទ។ ឧទ្យាននេះមានចម្លាក់ និងស្នាដៃសិល្បៈជាង ២០០ ត្រូវបានធ្វើឡើងពីបេតុងពង្រឹងក្នុងទំហំចាប់ពីតូចទៅធំ រួមមានចម្លាក់ព្រះពុទ្ធ ព្រះហិណ្ឌូមួយចំនួន និងរូបចម្លាក់មនុស្ស បិសាច សត្វ និងសត្វទេវកថាមួយចំនួនតូចផងដែរ។ រីឯសំបុត្រចូលទស្សនាគឺមានតម្លៃ ៥,០០០ គីប (ប្រហែល ១,០០០ រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។

៥.កន្លែងទេសភាពណាំសាយ៖ ចំណុចទេសភាពណាំសាយមានចម្ងាយ ៨ គីឡូម៉ែត្រពីកណ្តាលក្រុងវ៉ាងវៀង។ ដើម្បីមកដល់ទីនេះ ភ្ញៀវត្រូវឡើងចម្ងាយប្រហែល ៣០០ ម៉ែត្រ ដោយចំណាយពេលប្រហែល ៤៥ នាទី។ នេះជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានទេសភាព និងជាពិសេសគឺថ្ងៃលិចដ៏ស្រស់ស្អាតនៅទីក្រុងវ៉ាងវៀង។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២០,០០០ គីប (ប្រហែល ៥,៤០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច៕











