យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) បាននិយាយថា មាសគឺជាធាតុផ្សំដ៏សំខាន់នៃទុនបម្រុងរបស់ធនាគារកណ្តាលទូទាំងពិភពលោក ដោយសារសុវត្ថិភាព សាច់ប្រាក់ងាយស្រួល និងប្រាក់ចំណេញខ្ពស់។ ដូច្នេះ ទីភ្នាក់ងារទាំងនេះក៏ជាក្រុមកាន់កាប់មាសដ៏ធំបំផុតរបស់ពិភពលោក ដែលស្មើនឹង ២០% នៃមាសដែលត្រូវបានជីកយករ៉ែទូទាំងពិភពលោកផងដែរ។ ហេតុនេះហើយ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានទុនបម្រុងមាសច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៣៖
១.សហរដ្ឋអាមេរិក៖ អាមេរិកមានទុនបម្រុងមាសប្រមាណ ៨,១៣៣ តោនដែលស្មើនឹងប្រទេសចំនួនបីបន្ទាប់បញ្ចូលគ្នា។ បរិមាណមាសនេះបច្ចុប្បន្នមានតម្លៃជាង ៥០០ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានរក្សាទុកជាចម្បងនៅក្នុងឃ្លាំងមាស Fort Knox និងតុមាសនៅឯ Fed ញូវយ៉ក។
២.ប្រទេសអាល្លឺម៉ង់៖ បច្ចុប្បន្នអាល្លឺម៉ង់មានមាសបម្រុងប្រមាណ ៣,៣៥២ តោន ដែលមាសទាំងនេះត្រូវបានរក្សាទុកនៅក្នុងឃ្លាំង និងភាគច្រើនត្រូវបាននាំចូល ឬកែច្នៃឡើងវិញក្នុងស្រុក។
៣.ប្រទេសអ៊ីតាលី៖ អ៊ីតាលីគឺជាប្រទេសដែលមានមាសបម្រុងប្រមាណ ២,៤៥១ តោន។ បរិមាណមាសនេះបច្ចុប្បន្នត្រូវបានរក្សាទុកក្នុងតុដេកនៅទីក្រុងរ៉ូម និងធនាគារកណ្តាលស្វីស ធនាគារកណ្តាលសហរដ្ឋអាមេរិក រួមទាំងធនាគារអង់គ្លេសផងដែរ។ ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុជាច្រើនដងក៏ដោយ ក៏រដ្ឋាភិបាលអ៊ីតាលីគ្មានចេតនាលក់ទុនបម្រុងមាសរបស់ខ្លួនឡើយ។
៤.ប្រទេសបារាំង៖ បារាំងជាប្រទេសស្ថិតនៅចំណាត់ថ្នាក់ទី៤ លើពិភពលោកដែលមានទុនបម្រុងមាសប្រមាណ ២,៤៣៦ តោន។ មាសទាំងនេះត្រូវបានរក្សាទុកនៅក្នុងតុដេកមាសរបស់ធនាគារបារាំង ដោយទុនបំរុងមាសរបស់ប្រទេសនេះស្ទើរតែមិនផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
៥.ប្រទេសរុស្ស៊ី៖ ប្រទេសរុស្ស៊ីមានមាសបម្រុងប្រមាណ ២,៣២៩ តោនក្នុងឆ្នាំ ២០២៣។ ថ្មីៗនេះ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានបង្កើនទុនបម្រុងមាសរបស់ខ្លួនដើម្បីធ្វើពិពិធកម្មទ្រព្យសម្បត្តិ និងជៀសវាងការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។
៦.ប្រទេសចិន៖ ប្រទេសចិនមានទុនបម្រុងមាសប្រមាណ ២,១១៣ តោនដែលស្ថិតនៅចំណាត់ថ្នាក់ទី៦ លើពិភពលោកក្នុងឆ្នាំ ២០២៣ ។ ចិនគឺជាអ្នកលេងដ៏សំខាន់នៅក្នុងទីផ្សារមាស ទាំងផ្នែកផលិតកម្ម ការប្រើប្រាស់ និងទុនបម្រុង។ យោងតាមធនាគារកណ្តាលចិន (PBOC) ថ្មីៗនេះបានបង្កើនទុនបម្រុងមាសដើម្បីការពារអតិផរណា។ ដូច្នេះសមាគមមាសចិនបាននិយាយថា តម្រូវការប្រើប្រាស់មាសនៅក្នុងប្រទេសនេះបច្ចុប្បន្នគឺធំជាងគេបំផុតក្នុងពិភពលោក ដោយមានចំនួន ៨៣៥ តោនក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដោយសារប្រជាជនថ្នាក់កណ្តាលកើនឡើង។
៧.ប្រទេសស្វីស៖ ស្វីសគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក ដោយបច្ចុប្បន្នប្រទេសនេះមានទុនបម្រុងមាសប្រមាណ ១,០៤០ តោន។ មាសនេះត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាលស្វីស និងបម្រើជាសសរស្តម្ភហិរញ្ញវត្ថុសម្រាប់ប្រទេស។ ដូច្នេះមាសដែលពួកគេមានគឺត្រូវបាននាំចូលជាចម្បង។ នៅឆ្នាំ ២០២២ ពួកគេគឺជាអ្នកនាំចូលមាសដ៏ធំបំផុតរបស់ពិភពលោក។
៨.ប្រទេសជប៉ុន៖ បច្ចុប្បន្នប្រទេសជប៉ុនមានមាសបម្រុងប្រមាណ ៨៤៦ តោនដែលទុនបម្រុងមាសរបស់ប្រទេសនេះគ្រប់គ្រងដោយធនាគារជប៉ុន (BOJ) មានតម្លៃ ៥២ ពាន់លានដុល្លារ។ ប្រទេសនេះជាកន្លែងជីកយករ៉ែមាស Hishikari ដែលល្បីខាងគុណភាពខ្ពស់។ ទោះយ៉ាងណាក៏ដោយ ដោយសារទុនបំរុងក្នុងស្រុកមានកម្រិត ជប៉ុនភាគច្រើននាំចូលមាស។
៩.ប្រទេសឥណ្ឌា៖ ឥណ្ឌាគឺជាប្រទេសដែលមានមាសបម្រុប្រមាណ ៨០០ តោន និងជាប់ចំណាត់ថ្នាក់ទី៩ លើពិភពលោកក្នុងឆ្នាំ ២០២៣ ។
១០.ប្រទេសហូឡង់៖ ប្រទេសហូឡង់មានមាសបម្រុងប្រមាណ ៦១២ តោន ដែលមាសទាំងនេះត្រូវបានរក្សាទុកនៅតុដេកនៃធនាគារកណ្តាលអាមេរិកនៅទីក្រុងញូវយ៉ក។ ដូច្នេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទុនបំរុងមាសរបស់ប្រទេសមិនផ្លាស់ប្តូរទេ៕










