ប្រទេសចិន ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ការដឹកជញ្ជូនទំនិញ ឬម្ហូបអាហារផ្សេងៗឱ្យអតិថិជនតាមដ្រូន កំពុងតែពេញនិយមខ្លាំងនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ។ ដ្រូនអាចបំពេញតម្រូវការរបស់អតិថិជន ដោយសារទំនិញ និងម្ហូបអាហារទាំងនេះបានបញ្ជូនទៅដល់ដៃអ្នកទទួលយ៉ាងឆាប់រហ័ស បើទោះជាពួកគេរស់នៅឆ្ងាយក្តី ។
ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនិញតាមរយៈដ្រូនលើកឡើងថា ការបញ្ជូនទំនិញដោយប្រើប្រាស់ដ្រូនក្នុងចម្ងាយផ្លូវជាង២គីឡូម៉ែត្រ គឺចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ។ នេះបង្ហាញថា យើងពុំចាំបាច់ចំណាយពេលវេលាច្រើនដូចមុនទេ ខណៈការដឹកជញ្ជូនទំនិញតាមរថយន្តមានការស្ទះចរាចរណ៍ ។ លើសពីនេះ អតិថិជនអាចត្រួតពិនិត្យដំណើរការបញ្ជូនទំនិញ តាមរយៈបណ្តាញ Real Time ។
គេសង្កេតឃើញថា បច្ចុប្បន្ន ក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនទំនិញ និងក្រុមហ៊ុនសេវាកម្មផ្សេងៗនៅប្រទេសចិន បានជ្រើសរើសយកដ្រូនធ្វើជាឧបករណ៍ដឹកជញ្ជូនទំនិញឱ្យអតិថិជន ។ ចំណែកអាជ្ញាធរក្រុង Shenzhen ក៏បានព្យាយាមគាំទ្រឱ្យក្រុមហ៊ុននានាប្រើប្រាស់ដ្រូនធ្វើជាឧបករណ៍ដឹកជញ្ជូនទំនិញផងដែរ ។![]()
បើគិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គេបានបើកផ្លូវហោះហើរថ្មីសម្រាប់ដ្រូន រហូតដល់៧៥ផ្លូវ ដើម្បីជួយឱ្យការដឹកជញ្ជូនទំនិញផ្សេងៗក្នុងទីក្រុងកាន់តែមានភាពងាយស្រួល ។ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៣ គេបានបញ្ជាដ្រូនឱ្យដឹកជញ្ជូនទំនិញ និងម្ហូបអាហារឱ្យអតិថិជននៅទីក្រុង Shenzhen ខេត្ត Guangdong ស្មើរហូតដល់៥៤ម៉ឺនជើងឯណោះ ៕










