ប្រទេសអាហ្វហ្គានីស្ថាន ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយពីពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយនៅប្រទេសអាហ្វហ្គានីស្ថាន ដែលមានកូនកំលោះ និងកូនក្រមុំជាច្រើនគូ ។ ពួកគេបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាក្រុមនៅទីកន្លែង និងថ្ងៃតែមួយបែបនេះ ដោយសារចង់កាត់បន្ថយការចំណាយប្រាក់ ហើយកូនកំលោះខ្លះក៏មានប្រាក់ចំណូលតិចតួចផងដែរ ។
ពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុមនេះបានរៀបចំឡើងនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយគេបានបំបែកកូនកំលោះ និងកូនក្រមុំឱ្យនៅឆ្ងាយពីគ្នា មុនពេលពួកគេបានជួបគ្នាក្រោយអាហារថ្ងៃត្រង់ ។ បន្ទាប់មក ពួកគេនឹងឡើងជិះរថយន្តដែលតុបតែងទៅដោយផ្កាជ័រ និងខ្សែបូចម្រុះពណ៌ ។ កូនកំលោះម្នាក់និយាយថា ដោយសារការរៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯង ខ្លួនត្រូវចំណាយប្រាក់ច្រើន ទើបសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាក្រុម ។
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះរៀបចំឡើងដោយអង្គការសប្បុរសធម៌មួយ និងមានការផ្តល់វត្ថុមួយចំនួនដើម្បីឱ្យគូស្រករថ្មីចាប់ផ្តើមកសាងជីវិតរួមគ្នា ដូចជា ៖ កម្រាលព្រំ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ជាដើម ។ លើសពីនេះ គេក៏បានអញ្ជើញមន្ត្រីមកពីក្រសួងលើកកម្ពស់សីលធម៌មកចូលរួមជាភ្ញៀវកិត្តិយស និងឡើងមានមតិក្នុងពិធីផងដែរ ។ បើទោះជាមានការអានគម្ពីក្តី ប៉ុន្តែគេបានហាមឃាត់ការរាំ និងសំឡេងតន្ត្រីគ្រប់ប្រភេទ ចាប់តាំងពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសនេះឡើងវិញ នៅខែសីហា ឆ្នាំ២០២១ ។
លោក Roohullah Rezayi ជាកូនកំលោះ អាយុ១៨ឆ្នាំ បាននិយាយប្រាប់សារព័ត៌មាន AFP ថា លោកគ្មានលទ្ធភាពរៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯងទេ ។ បច្ចុប្បន្ន ការចំណាយសម្រាប់ការរៀបចំពិធីអាពាហ៍ពិពាហ៍ដូចពីមុន គឺត្រូវចំណាយប្រាក់ចាប់ពី២.៧៥០ដុល្លារ ទៅ៣.៣០០ដុល្លារអាមេរិកឯណោះ ។ ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍រួមគ្នាបែបនេះ លោកចំណាយប្រាក់ចាប់ពី១៣៦ដុល្លារ ទៅ២០៨ដុល្លារអាមេរិកប៉ុណ្ណោះ ។
កូនកំលោះវ័យក្មេងរូបនេះ គឺជនជាតិភាគតិចមូស្លីម Hazara Shia មកពីខេត្ត Ghor ។ លោកប្រាប់ថា លោកទទួលបានប្រាក់ចំណូលតិចតួចប៉ុណ្ណោះក្នុង១ថ្ងៃ ហើយលោកបានអញ្ជើញភ្ញៀវខាងប្រុស និងខាងស្រី ដើម្បីមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់លោក ត្រឹមតែ៣៥នាក់ប៉ុណ្ណោះ ។ បើលោករៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯងវិញ គឺលោកត្រូវអញ្ជើញភ្ញៀវចាប់ពី៣០០នាក់ ទៅ៤០០នាក់ ៕










