ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម X (ឬ Twitter) អំពីស្ថានការណ៍ទឹកជំនន់នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ។ លោកបានបង្ហាញការបារម្ភថា ៖ «សូមផ្តាំផ្ញើក្តីកង្វល់របស់ខ្ញុំទៅកាន់បងប្អូនដែលរស់នៅខេត្តភាគខាងត្បូង ដោយសារបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកលិចផ្ទះសម្បែងពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន» ។
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃលើកឡើងថា ៖ «ខ្ញុំបានចាត់តាំងឱ្យលោក Kriang Kalptinan អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសថៃ ដែលលោកទទួលខុសត្រូវលើនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ដើម្បីតាមដានស្ថានការណ៍នេះឱ្យបានដិតដល់ និងជួយសង្គ្រោះពលរដ្ឋគ្រប់រូបដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តណារ៉ាធិវ៉ាត និងខេត្តយ៉ាឡា» ។
លោកនាយករដ្ឋមន្ត្រីថៃបន្តថា ចំណែកភ្នាក់ងារគ្រប់គ្រងទឹកប្រចាំខេត្តភាគខាងត្បូង ក៏បានជូនដំណឹងឱ្យពលរដ្ឋនាំគ្នាជម្លៀសចេញពីតំបន់ទឹកជំនន់ផងដែរ ព្រមទាំងទំនាក់ទំនងទៅកាន់ភ្នាក់ងារពាក់ព័ន្ធទាំងជនស៊ីវិល និងកងទ័ព ឱ្យជួយសង្គ្រោះបងប្អូនទាំងអស់ក្នុងការដឹកជញ្ជូនទ្រព្យសម្បត្តិពួកគេទៅរកកន្លែងមានសុវត្ថិភាព ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកក៏បានបញ្ជាបន្ថែមទៅកាន់ការិយាល័យឧតុនិយមឱ្យតាមដានព័ត៌មានអាកាសធាតុ នៅខែធ្នូ ឆ្នាំ២០២៣ នេះ ដោយសារប្រទេសថៃមានអាកាសធាតុត្រជាក់លាយឡំជាមួយទឹកភ្លៀង ។ ចុងក្រោយ លោកនាយករដ្ឋមន្ត្រីថា បើពលរដ្ឋណាម្នាក់ត្រូវការជំនួយ គឺពួកគេអាចទាក់ទងមកកាន់ភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់គ្រប់ពេលវេលា ៕










