ប្រទេសប៉េរូ ៖ ប៉ូលិសប្រឆាំងគ្រឿងញៀននៅប្រទេសប៉េរូ (Peru) ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង បានតែងខ្លួនជា Santa Claus ដើម្បីចូលទៅកាន់កន្លែងស្នាក់នៅ និងជួញដូរថ្នាំញៀនមួយកន្លែងក្នុងទីប្រជុំជនមួយស្ថិតនៅភាគខាងជើងទីក្រុងលីម៉ា ហើយប៉ូលិសចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ ។ ការបង្ក្រាបថ្នាំញៀននេះ គឺក្នុងគោលបំណងជួយឱ្យអ្នករស់នៅក្នុងទីប្រជុំជននៅឆ្ងាយពីថ្នាំញៀនក្នុងអំឡុងពិធីបុណ្យគ្រិស្តម៉ាស ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប៉ូលិសប្រឆាំងគ្រឿងញៀនបាននាំគ្នាស្លៀកសម្លៀកបំពាក់ Santa Claus ឆ្មក់ចូលឆែកឆេរផ្ទះមួយកន្លែងក្នុងតំបន់ហួរ៉ាល់ ដែលនៅឆ្ងាយពីទីក្រុងលីម៉ា ទៅទិសខាងជើងប្រមាណ៧០គីឡូម៉ែត្រ ។ គេជឿថា វាជាកន្លែងស្នាក់នៅ និងចែកចាយថ្នាំញៀនដ៏ធំក្នុងតំបន់នេះ ។
នៅពេលប៉ូលិសសម្រុកចូលក្នុងផ្ទះស្នាក់នៅ ជនសង្ស័យឆ្ងល់ថា ហេតុអ្វីបានជាពួក Santa Claus សម្រុកចូលក្នុងផ្ទះរបស់ពួកគេ? ក្រោយមក ប៉ូលិសបានរឹបអូសយកវត្ថុតាងមួយចំនួន ព្រមទាំងកញ្ឆាមានទម្ងន់ជាង២០គីឡូក្រាម និងបញ្ជូនជនសង្ស័យទៅកាន់ស្ថានីយប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
ប៉ូលិសលើកឡើងថា ពួកគេនាំគ្នាតែងខ្លួនជា Santa Claus ចូលចាប់ក្រុមជួញដូរថ្នាំញៀន ដើម្បីកុំឱ្យពួកគេដឹងខ្លួនមុន ។ នេះចាត់ទុកថា វាប្រតិបត្តិការមួយទទួលបានជោគជ័យយ៉ាងខ្លាំង ហើយវាដូចគ្នានឹងឱ្យ Santa Claus មកកម្ចា.ត់ជនខិលខូច ជំនួសឱ្យ Santa Claus ដើរចែកកាដូឱ្យក្មេងៗ ដោយសារពួកគេបានជួញដូរថ្នាំញៀនក្នុងអំឡុងពិធីបុណ្យគ្រិស្តម៉ាស ។ ដូច្នេះ អ្នករស់នៅក្នុងតំបន់នេះនឹងមានសុវត្ថិភាព និងនៅឆ្ងាយពីថ្នាំញៀនក្នុងអំឡុងបុណ្យគ្រិស្តម៉ាស នៅឆ្នាំ២០២៣ ។
ប៉ូលិសម្នាក់ប្រាប់ថា ៖ «ពួកគេបានតែងខ្លួនធ្វើជា Santa Claus បែបនេះ ដើម្បីកុំឱ្យក្រុមជួញដូរថ្នាំញៀនមានការសង្ស័យ ហើយប៉ូលិសអាចចុះត្រួតពិនិត្យនៅគ្រប់តំបន់ផងដែរ ដោយគ្មានអ្នកណាដឹងថា ពួកគេជាប៉ូលិសទេ» ។
កន្លងមក ក្នុងពិធីបុណ្យសំខាន់ៗ ប៉ូលិសប៉េរូ តែងតែស្លៀកសម្លៀកពាក់ឱ្យដូចគ្នានឹងពិធីបុណ្យនោះ ដើម្បីចាប់ខ្លួនជនសង្ស័យ និងចាប់សមាជិកជួញដូរថ្នាំញៀន ។ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប៉ូលិសជាច្រើននាក់បានស្លៀកពាក់ជាបិសាច និងស្លៀកពាក់ឱ្យដូចអ្នកសម្តែងកុន ដើម្បីចាប់ខ្លួនក្រុមជួញដូរថ្នាំញៀនមួយក្រុម ៕










