ប្រទេសចិន៖ អាជ្ញាធរចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យមួយកន្លែងក្នុងខេត្ត Guangxi បន្ទាប់ពីបែកធ្លាយវីដេអូមួយ ក្រោយមានវេជ្ជបណ្ឌិតម្នាក់វាយអ្នកជំងឺអាយុ ៨២ ឆ្នាំចំក្បាលអំឡុងពេលវះកាត់ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញអ៊ីនធឺណិត។
យោងតាមគេហទំព័រអន្តរជាតិ Daily Mail ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូថា នៅក្នុងវីដេអូនេះបានបង្ហាញពីវេជ្ជបណ្ឌិតម្នាក់ធ្វើការវះកាត់ភ្នែកលើអ្នកជំងឺស្ត្រីម្នាក់ អាយុ ៨២ ឆ្នាំនៅមន្ទីរពេទ្យមួយកន្លែងក្នុងខេត្ត Guangxi តាំងពីខែធ្នូ ឆ្នាំ ២០១៩ មកម្លេះ ដោយវេជ្ជបណ្ឌិតបានដាល់អ្នកជំងឺចំក្បាលបីដង។
ទោះបីជាឧបទ្ទវហេតុនេះបានកើតឡើងក្នុងឆ្នាំ ២០១៩ ក៏ដោយ ប៉ុន្តែវាបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនយ៉ាងខ្លាំងនាពេលថ្មីៗនេះ បន្ទាប់ពី Ai Fen ដែលជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញនៅក្នុងប្រទេសចិនបានចែករំលែកវីដេអូនេះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអ្នកតាមដានចំនួនពីរលាននាក់។ វីដេអូនេះបានធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមខឹងសម្បាយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ក៏ដូចជាស្នើឱ្យអាជ្ញាធរចិនធ្វើការស៊ើបអង្កេតករណីនេះឡើងវិញ កុំឱ្យវេជ្ជបណ្ឌិតផ្សេងៗទៀតមានទម្លាប់អាក្រក់បែបនេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងអំឡុងពេលវេជ្ជបណ្ឌិតកំពុងវះកាត់ភ្នែកអ្នកជំងឺ ហើយអ្នកជំងឺបានលើកដៃរបស់គាត់ទៅប៉ះភ្នែកដែលកំពុងវះកាត់ ដែលវាអាចបណ្តាលឱ្យឆ្លងមេរោគ។ លើសពីនេះ អ្នកជំងឺអាចនិយាយបានតែភាសាក្នុងស្រុកប៉ុណ្ណោះ ហាក់ដូចជាមិនចេះភាសាចិនកុកងឺរបស់វេជ្ជបណ្ឌិតទៀតផង ដែលនេះប្រហែលជាមូលហេតុដែលមានឧបទ្ទវហេតុនេះកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការវះកាត់រួច អ្នកគ្រប់គ្រងមន្ទីរពេទ្យបានសុំទោស និងផ្តល់សំណងចំនួន ៥០០ យន់ (ប្រមាណ ៧០ ដុល្លារអាមេរិក) ទៅឱ្យអ្នកជំងឺ។ ដូច្នេះហើយ បច្ចុប្បន្នអ្នកជំងឺម្នាក់នោះបានខ្វាក់ភ្នែកមួយចំហៀង ដោយមិនច្បាស់ថាវាទាក់ទងនឹងអាកប្បកិរិយារបស់គ្រូពេទ្យឬអត់នោះទេ។ ហេតុនេះហើយ អាជ្ញាធរចិនកំពុងធ្វើការស៊ើបអង្កេតជុំវិញករណីទាំងនេះបន្ថែមទៀត ដើម្បីឱ្យដឹងកាន់តែច្បាស់៕










