នៅទីបំផុតចំណងស្នេហ៍ជាង១ឆ្នាំតារាចម្រៀង ថុល សុភិទិ និង ឡុង ម៉ានីន ជាគូស្នេហ៍អ្នកជំនួញអនឡាញទទួលបានចំណងដៃកូនដំបូងជាមួយគ្នាហើយ។ នេះបើតាមការបង្ហោះរូបភាពពិនិត្យអេកូដែល ឡុង ម៉ានីន បង្ហោះផ្ទាល់នៅលើបណ្តាញសង្គម។ ទោះយ៉ាងណាអ្នកទាំងពីរពុំទាន់បានរៀបការឡើងដោយគូស្នេហ៍ ភិទិ ធ្លាប់បានបញ្ជាក់ថាមិនមែនពួកគេមិនមានលុយសម្រាប់រៀបការនោះទេគ្រាន់តែពួកគេរវល់នឹងការងាររកស៊ីទើបមិនទាន់បានសម្រេចគោលបំណងដឹកដៃគ្នាចូលរោងការតាមប្រពៃណី។
កាលពីល្ងាចថ្ងៃទី២១ ធ្នូ នៅលើបណ្តាញសង្គមរបស់ ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀងហង្សមាស ថុល សុភិទិ បានបង្ហោះរូបភាពដោយបញ្ជាក់ពីដំណឹងល្អរបស់ខ្លួននូវរូបភាពនៃការពិនិត្យអេកូ អ្នកទាំងពីរទទួលបានកូនដំបូងជាមួយគ្នាហើយ។ ជាមួយគ្នានេះដែរ កាលពីល្ងាចថ្ងៃទី២០ ធ្នូ ម៉ានីន បានបង្ហោះរូបភាពឧបករណ៍ពិនិត្យរហ័សដោយមានសញ្ញា២ឆ្នូតដែលបញ្ជាក់ថាមានផ្ទៃពោះដូចគ្នា។
បើតាមរូបភាពដែល ម៉ានីន បង្ហោះ Story បានបញ្ជាក់ឱ្យដឹងថារូបនាងបានទៅពិនិត្យអេកូកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ពោលបន្ទាប់ពីមានជម្លោះស្បថស្បែបាន១ថ្ងៃ ខណៈថ្ងៃកើតហេតុអ្នកក្នុងរង្វង់អនឡាញឈ្លោះគ្នាផ្អើលប្រទេសកាលពីរំលងអាធាត្រឈានចូលថ្ងៃទី៧ ធ្នូ ។ កាលពីថ្ងៃទី៥ ធ្នូ អ្នកជំនួញអនឡាញរូបនេះក៏ធ្លាប់បង្ហាញដំរួយដែរថា ខ្លួនកំពុងតែមានទម្ងន់ ប៉ុន្តែត្រូវហ្វេនៗគិតថាជារឿង Prank ដោយសារតែកន្លងមករូបនាងធ្លាប់បង្ហោះរូបភាពប្រៀបដូចជាមានផ្ទៃពោះ ប៉ុន្តែនាងមិនមានផ្ទៃពោះនោះទេ។
ថុល សុភិទិ និង ឡុង ម៉ានីន មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង១ឆ្នាំ ទោះបីជាស្រលាញ់គ្នាត្រឹមរយៈពេលខ្លីក្តីអ្នកនាង ម៉ានីន ថាខ្លួនមានក្តីសុខដែលស្រលាញ់មនុស្សម្នាក់ស្រលាញ់ខ្លួនពិតប្រាកដ ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីបញ្ជាក់ចិត្តស្មោះរបស់ខ្លួនទោះបីជាកន្លងមកនេះពួកគេមានបញ្ហាបន្តិចបន្តួចជាមួយគ្នាក្តី។
ទោះជាយ៉ាងណា ការទទួលបានចំណងដៃកូនដំបូងជាមួយគ្នាទាំងមិនទាន់រៀបការតាមប្រពៃណីក្តី ឡុង ម៉ានីន ធ្លាប់បានប្រាប់ហ្វេនៗថា ការពិត ថុល សុភិទិ ពិតជាចង់ដឹកដៃនាងចូលរោងការសម្រេចក្តីសុបិននាងណាស់ ព្រោះកន្លងមកទោះបីជាខ្លួនមានកូនមួយហើយក្តីប៉ុន្តែនៅមិនទាន់បានរៀបការនៅឡើយទេ។
ក្នុងវីដេអូនោះដែរ ម៉ានីន បានលើកឡើងទៀតថា មិនមែន ភិទិ គ្មានសមត្ថភាពរៀបចំពិធីមង្គលការអ្វីនោះទេ ដូចមហាជនដឹងស្រាប់ការងាររបស់ ភិទិ ពេលខ្លះមាន២ទៅ៣កម្មវិធីឯណោះ ស្របពេលនាងបង្ហាញលុយដុល្លារទាំងបាច់ៗ។ អ្នកលក់អនឡាញរូបនេះ លើកឡើងទៀតថាខ្លួនមិនប្រាថ្នារៀបចំពិធីមង្គលការធំពេកអីដែរព្រោះខ្លួនគិតថា សុភមង្គលពិតប្រាកដមិនមែនស្ថិតទៅលើការរៀបការធំឬតូចនោះទេ គឺស្ថិតនៅលើការស្រលាញ់រវាងមនុស្សពីរនាក់ ខណៈនាង និង ភិទិ មិនទាន់រៀបការព្រោះតែនាងរវល់ការងាររកស៊ី៕










