តារាចម្រៀង លីម តិចម៉េង បង្ហោះសារស្រងាកចិត្តទាំងកណ្តាលយប់បន្ទាប់ពីត្រូវគេខលនិងឆាតមកជេរ ប្រមាថមិនឱ្យតម្លៃលោកព្រោះតែស្នាមសាក់។ តិចម៉េង ថាខ្លួនមិនខឹងអន់ចិត្តដែលត្រូវគេជេរមើលងាយនោះទេតែអ្វីដែលលោកអន់ចិត្តនោះបុគ្គលដែលជេរលោកមិនស្គាល់ស្នាមសាក់នោះជានរណា ទាំងដែលរូបនោះគឺជា «ព្រះបាទជ័យវរ្ម័នទី៧»។
នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែធ្នូ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង បានបង្ហោះសារទាំងពាក់កណ្តាលយប់ថា «ខ្ញុំមិនអន់ចិត្តដែលមានគេ ខលមកជេរឆាតមកជេរ មើលងាយមិនឱ្យតម្លៃដោយសារតែស្នាមសាក់មួយនេះឡើយ តែខ្ញុំអន់ចិត្តដែលមានបងប្អូនខ្លះនិយាយថារូបមនុស្សដែលជាប់លើស្បែកខ្ញុំនេះអត់ប្រយោជន៍»។
ម្ចាស់បទ« ពេលណាគេបែកគ្នាជាមួយអ្នកថ្មី» រូបនេះបន្តថា «តើអ្នកមើលមិនស្គាល់ រឺ មើលមិនយល់ ? ខ្ញុំសូមជម្រាបថា រូបមនុស្សដែលជាប់នៅលើស្បែកខ្ញុំនេះគឺ ព្រះបាទជ័យវន្ម័នទី 7 »។ ជាមួយគ្នានេះ តិចម៉េង ថាខ្លួនមិនបង្ហាញអត្តសញ្ញាណអ្នកដែលជេរលោកនោះទេដោយសារតែឱ្យតម្លៃជាខ្មែរ។
គូសបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គ ដែលងើបក្រោកឈរប្រឆាំងនឹងការត្រួតត្រារបស់រាជវង្ស ចាម ដែលមកពីភាគខាងកើតកម្ពុជា គឺ អាណាចក្រចម្ប៉ា។ ព្រះអង្គជាក្សត្រ សឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានកសាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយក ពុទ្ធសាសនា មហាយាន មកគោរពបូជាផងដែរ ។
លីម តិចម៉េង ជាតារាចម្រៀងស្រករក្រោយម្នាក់ដែលត្រូវបានអ្នកគាំទ្រលើកសរសើរពីទឹកចិត្តលោកជួយឈឺឆ្អើលរឿងប្រទេសជាតិនាកន្លងមក អំឡុងពេលផ្ទុះកក្រើករឿងប្រទេសជិតខាងសាងសង់វត្តដែលមានប្លង់ស្ថាបត្យកម្មស្រដៀងទៅនឹងប្រាសាទអង្គរវត្ត៕










