ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយថា កសិកររស់នៅខេត្តណាខនប៉ាធុម ប្រទេសថៃ បាននាំគ្នាងាកមកដាំដុះម្រះចិន ដោយសារតែពួកគេអាចទទួលបានប្រាក់ចំណូលខ្ពស់ និងចំណាយពេលវេលាតិចក្នុងការដាំដុះ ។
កសិករនិយាយថា មូលហេតុដែលធ្វើឱ្យពួកគេងាកមកដាំដុះម្រះចិន ដោយសារវាមានតម្រូវការខ្ពស់នៅលើទីផ្សារ ។ ពួកគេបានចំណាយពេលដាំវាត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ គឺទទួលបានផលហើយ និងពុំចាំបាច់ស្រោចទឹកច្រើនទេ ។
លោក ថេវ៉ាន់ ស៊ីវ៉ាផុងសាគុន អាយុ៥០ឆ្នាំ ជាម្ចាស់ចម្ការម្រះចិន ដែលមានទីតាំងនៅឃុំហួងខ្វាង ស្រុកកំផែងសែន ខេត្តណាខនប៉ាធុម បានរៀបចំផ្ទៃដីសម្រាប់ដាំដុះបន្លែរយៈពេលខ្លីៗ ។ លោកបានសម្រេចចិត្តដាំម្រះចិន ដោយសារវាមានតម្រូវការខ្ពស់នៅលើទីផ្សារ ហើយលោកចំណាយពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ គឺអាចបេះវាយកទៅលក់បាន ។
លោកថា ៖ «ខ្ញុំទទួលបានប្រាក់ចំណូលខ្ពស់ពីការលក់ម្រះចិន ខណៈវាងាយស្រួលថែទាំ និងចំណាយកម្លាំងតិចជាងការដាំបន្លែផ្សេងទៀត ។ កាលពីមុន ខ្ញុំបានដាំដើមខ្ទឹម តែតម្លៃមិនសូវថ្លៃទេ» ។
លោកបន្តថា ការដាំដំណាំត្រូវប្រើប្រាស់បច្ចេកទេស ហើយក្នុងចម្ការរបស់លោកបានដាំម្រះចិននៅលើផ្ទៃដីជាង៨រ៉ៃ (ឬស្មើជាង១ហិកតា) ។ លោកបានដាំវាជាជួរៗ ដោយដាក់បង្គោលឫស្សី និងធ្វើដំបូលផងដែរ ហើយលោកអាចប្រមូលផលបានចំនួន១.៥០០គីឡូក្រាមក្នុង១ថ្ងៃ ។ ចំណុចសំខាន់ វាអាចដុះលូតលាស់ល្អនៅរដូវត្រជាក់ ហើយលោកគ្រោងប្រមូលផលម្រះលក់យកប្រាក់ចំណូលនៅចុងឆ្នាំ២០២៣ ។
ដំណាំម្រះចិនបានផ្តល់ទិន្នផលល្អ និងមានផ្លែធំវែងៗ ។ នៅពេលប្រមូលផលរួច កសិករទាំងអស់បានអង្គុយច្រកផ្លែម្រះដាក់ក្នុងថង់ទៅតាមទំហំតូច-ធំ ដើម្បីត្រៀមយកទៅលក់នៅទីផ្សារ ។ ពួកគេប្រាប់ថា អាចលក់វាក្នុងតម្លៃចាប់ពី៣០បាត ទៅ៣៥បាតក្នុង១គីឡូក្រាម ៕ ប្រភព ៖ Technology chaoban










