ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្នុងព្រះរាជក្រឹត្យចុះនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដែលឡាយព្រះហស្តលេខាដោយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ការបញ្ចប់តំណែងនេះ តាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត។

ការបញ្ចប់មុខតំណែងនេះ ក៏ព្រោះតែលោក កឹម ជាតិ ត្រូវបានក្រុមហ៊ុនឧកញ៉ា ដួង តិច បានប្ដឹងទៅក្រសួងមហាផ្ទៃ ដោយចោទថា លោកទារប្រាក់ពីក្រុមហ៊ុនលក់ស្រាប្រមាណ ១០ម៉ឺនដុល្លារជាថ្នូរនឹងការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មធម្មតាវិញ។

ក្រោយតែពីបញ្ចប់មុខតំណែងហើយនោះ លោក កឹម ជាតិ ក៏ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួនជាបទល្មើសព្រហ្មទណ្ឌ៕