ក្រុមហ៊ុនចិន គ្រោងនឹងដាក់ទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ក្នុងខេត្តកំពង់ស្ពឺ ខណៈខេត្តនេះមិនទាន់មានអាងចម្រោះទឹកកខ្វក់ចេញពីបណ្តារោងចក្រ សហគ្រាសនៅឡើយ។
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង បានឱ្យដឹងថា៖”ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន៣៩៤កន្លែង ហើយចំនួននេះនិងបន្តហក់ឡើងបន្ថែមទៀតនៅដើមឆ្នាំ២០២៤ តែខេត្តនេះមិនទាន់មានរោងចក្រដែលអាចស្តុក និងចម្រោះទឹកកខ្វក់ដែលបង្ហូរចេញពីរោងចក្រសហគ្រាស ដើម្បីចម្រោះឱ្យស្អាតត្រឹមត្រូវ មុននឹងបង្ហូរចូលទៅក្នុងបឹង អូរ ស្ទឹងនៅឡើយនោះទេ”។
ដោយមើលឃើញពីកង្វះអាងចម្រោះទឹកនេះ ក្រុមហ៊ុន BUCG Co.Ltd នៃប្រទេសចិនក៏បានគ្រោងបោះទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ប្រមាណជា ៥០លានដុល្លា លើរង្វង់ផ្ទៃដីរដ្ឋប្រមាណជា ៣០ហិកតា ស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ហើយគ្រោងសាងសង់នៅដើមឆ្នាំ២០២៤។
លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយបានចុះពិនិត្យសិក្សាស្វែងយល់រួចហើយលើទីតាំងដែលគ្រោងបង្កើតរោងចក្រនោះ ដោយក្រុមការងារបានសម្រេច និងកំណត់យកទីតាំងខាងលើជាកន្លែងដែលត្រូវសាងសង់រោងចក្រ ហើយក្នុងនោះប្រតិភូក៏បានសុំឱ្យអាជ្ញាធររក្សាទុកនូវដើមឈើដែលមានស្រាប់ផងដែរ៕










