មរណភាពរបស់តារាសម្តែង Kathy Chow ក្នុងវ័យ៥៧ឆ្នាំបានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង ខណៈពេលនេះប្រជាជនចិនរាប់ម៉ឺននាក់បានខឹងសម្បារយ៉ាងខ្លាំង
និងទាមទារឱ្យមានការដោះស្រាយយ៉ាងតឹងរ៉ឹងបន្ទាប់ពីមានការចេញផ្សាយកំណត់ត្រាវេជ្ជសាស្ត្ររបស់តារាសម្តែងរូបនេះនៅលើបណ្តាញសង្គម ។
យោងតាម សារព័ត៌មាន Beijing News នៅល្ងាចថ្ងៃទី១៣ ខែធ្នូ មនុស្សពីរនាក់ត្រូវបានកំណត់ថាមានជាប់ពាក់ព័ន្ធក្នុងការធ្លាយព័ត៌មានជំងឺរបស់តារាសម្តែង Kathy Chowហើយម្នាក់ក្នុងចំណោមពួកគេធ្វើការនៅមន្ទីរពេទ្យក្នុងតំបន់មួយ នៅទីក្រុងប៉េកាំង ខណៈតារាសម្តែងរូបនេះត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃទី១១ ខែធ្នូ។ ចំណែកឯមនុស្សម្នាក់ទៀតគឺជាមិត្តរបស់បុគ្គលិកនៅក្នុងមន្ទីរពេទ្យ។
មន្ទីរពេទ្យបាននិយាយថាបុគ្គលិកដែលពាក់ព័ន្ធត្រូវបានព្យួរពីការងារដោយរង់ចាំការសន្និដ្ឋាននៃការស៊ើបអង្កេតដោយអាជ្ញាធរ។ យោងតាម Sina នៅថ្ងៃទី១៤ ខែធ្នូ បុរសម្នាក់ នោះមានអាយុ ៣៦ ឆ្នាំ ជាបុគ្គលិកមន្ទីរពេទ្យ ត្រូវបានរដ្ឋបាលឃុំខ្លួនពីបទរំលោភសិទ្ធិឯកជនរបស់អ្នកដទៃ។ យោងតាមការស៊ើបអង្កេតបុគ្គលិករូបនោះបានចែកចាយព័ត៌មានប្រវត្តិវេជ្ជសាស្ត្ររបស់ Kathy Chow ដែលទង្វើនេះត្រូវបានអាជ្ញាធរសន្និដ្ឋានថាមានឥទ្ធិពលអវិជ្ជមានដល់សង្គម។
បន្ទាប់ពីព័ត៌មានផ្ទាល់ខ្លួនរបស់ Kathy Chow ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិតបានធ្វើឱ្យទស្សនិកជនជាច្រើនខឹងសម្បារ មនុស្សរាប់ម៉ឺននាក់បានរិះគន់មន្ទីរពេទ្យថាបានរំលោភលើឯកជនភាពរបស់អ្នកជំងឺ។ ជាងនេះទៅទៀត នៅក្នុងកំណត់ត្រាវេជ្ជសាស្រ្ត ព័ត៌មានលម្អិតមួយចំនួនអំពីសាកសពរបស់ Kathy Chow ពេលសន្លប់ត្រូវបានពិពណ៌នាយ៉ាងជាក់លាក់ ដែលធ្វើឱ្យទស្សនិកជនគិតថា ទង្វើនេះគ្មានសីលធម៌ និងរំលោភលើសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
យោងតាម St Headline អ្នកដំបូងដែលបានឃើញថា Kathy Chow ស្ថិតក្នុងសភាពសន្លប់ គឺជាដៃគូរបស់តារាសម្តែង។ នៅព្រឹកថ្ងៃទី ១១ ខែធ្នូ មនុស្សម្នាក់នេះបានប្រទះឃើញ Kathy Chow ដេកសន្លប់នៅលើឥដ្ឋក្នុងផ្ទះវីឡារបស់នាងក្នុងទីក្រុងប៉េកាំង។ មួយសប្តាហ៍មុនមានរឿងតារាសម្តែងវ័យ៥៧ឆ្នាំរូបនេះ ក្អកខ្លាំង ហើយប្រើម៉ាស៊ីនខ្យល់អុកស៊ីសែននៅផ្ទះខណៈ ពេលបញ្ជូនដល់មន្ទីរពេទ្យ បេះដូងរបស់នាងបានឈប់លោតទៅហើយ។
កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ខាងក្រុមគ្រួសារ និងក្រុមហ៊ុនគ្រប់គ្រងតារាសម្តែងរូបនេះបានប្រកាសដំណឹង មរណភាព របស់ Kathy Chow ផងដែរ។ បន្ទាប់ពីតារាសម្តែងរូបនេះទទួលមរណភាពមានអ្នកជិតដិតតារាស្រីរូបនេះបានទម្លាយថានាងមានប្រព័ន្ធប្លាកែតទាប និងប្រព័ន្ធការពាររាងកាយខ្សោយ។ ទោះបីជាខ្លួនរឹតដោយជំងឺក្តីតែតារាសម្តែងរូបនេះនៅតែបំពេញការងារសប្បុរសធម៌បានយ៉ាងល្អ។
គួរបញ្ជាក់ថា Kathy Chow បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ១៩៨៥ បន្ទាប់ពីបានចូលរួមប្រកួតប្រជែងបវរកញ្ញាហុងកុង ហើយមានភាពល្បីល្បាញតាមរយៈស្នាដៃជាច្រើន៕










