ប្រទេសថៃ៖ អាជ្ញាធរថៃបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅក្បែរព្រំដែនថៃជាមួយមីយ៉ាន់ម៉ា ដែលជាកំណត់ត្រារឹបអូសថ្នាំញៀនថ្មីមួយក្នុងប្រទេសថៃ និងធំជាងគេទីពីរនៅអាស៊ី។
យោងតាមប្រភពព័ត៌មាន Bangkok Post ដែលបានរាយការណ៍នៅថ្ងៃទី១៣ ខែធ្នូថ្មីៗនេះថា ថ្នាំញៀនមេតំហ្វេតាមីនត្រូវបានលាក់ក្នុងបាវធំនៅខាងក្រោយរថយន្តធំមួយគ្រឿង ដែលត្រូវបានស្ទាក់ចាប់ដោយមន្ត្រីប៉ូលីស និងទាហានថៃកាលពីថ្ងៃអង្គារម្សិលមិញ នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងខេត្ត Kanchanaburi ភាគខាងលិចប្រទេសថៃ។ ចំណែកឯស្ត្រី និងបុរសដែលបើករថយន្តនោះក៏ត្រូវឃាត់ខ្លួនផងដែរ។
យោងតាមលោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសនេះគឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីថ្នាំញៀនមេតំហ្វេតាមីនជាង ៥៥ លានគ្រាប់ត្រូវបានរឹបអូសក្នុងប្រទេសឡាវកាលពីឆ្នាំ ២០២១ ក្បែរតំបន់ត្រីកោណមាស។
លោក Douglas ក៏បានបន្តទៀតថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ដែលធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីរត់ពន្ធថ្នាំញៀនមេតំហ្វេតាមីនដែលផលិតនៅរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បានឆ្ពោះទៅភាគខាងត្បូង ដោយបណ្តាញចែកចាយនេះបច្ចុប្បន្នបានទៅដល់ប្រទេសជប៉ុន និងនូវែលសេឡង់។ លោក Douglas បានបន្ថែមថា ការរឹបអូសដោយអាជ្ញាធរមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើលំហូរនៃគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ ដោយសារក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំកំពុងបង្កើនការផ្គត់ផ្គង់ និងកាត់បន្ថយតម្លៃថ្នាំមេតំហ្វេតាមីន។
ទោះជាយ៉ាងណាក៏ដោយ លោក Douglas ក៏បានសង្កត់ធ្ងន់ដែរថាជម្លោះ និងភាពចលាចលក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០២១មក បានផ្ដល់ឱកាស និងអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពង្រីកបណ្ដាញ និងប្រតិបត្តិការរត់ពន្ធគ្រឿងញៀនរបស់ពួកគេ៕










