ប្រទេសចិន ៖ ភ្ញៀវទេសចរបរទេសជាច្រើននាក់បានមកកម្សាន្តនៅប្រទេសចិន ក្នុងអំឡុងពេលជិតពិធីបុណ្យចូលឆ្នាំសកល និងថ្ងៃឈប់សម្រាកយូរថ្ងៃក្នុងរដូវស្លឹកលាស់ ដោយសារប្រទេសចិនអនុវត្តវិធានការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសឡើងវិញ ។ វិធានការនេះបានជំរុញការធ្វើដំណើររបស់ភ្ញៀវទេសចររវាងចិន និងប្រទេសផ្សេងៗ ក៏ដូចជាជំរុញការផ្តល់សេវាកម្ម និងការបើកជើងហោះហើរឆ្លងប្រទេសបន្ថែមទៀត ។
ក្រៅពីនេះ ភ្ញៀវទេសចរចិនបានផ្តល់រង្វាន់ឱ្យខ្លួនឯងក្រោយពីពួកគេបានបំពេញការងារនឿយហត់ ដោយការធ្វើដំណើរកម្សាន្តនៅតាមប្រទេសនានា ហើយកំណើនភ្ញៀវទេសចរនេះបានទទួលប្រយោជន៍ពីវិធានការលើកលែងទិដ្ឋាការផងដែរ ។ ចំនួនការកក់សំបុត្រហោះហើរឆ្លងប្រទេសកើនឡើង បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗត្រៀមបង្កើនជើងហោះហើរបន្ថែមទៀត រួមទាំងសេវាកម្មបើកការហោះហើរថ្មី ដើម្បីបំពេញតម្រូវការការធ្វើដំណើរកើនឡើងរបស់ភ្ញៀវទេសចរ ។
អ្នកនាង យូ ហៃយ៉ាន នាយករងផ្នែកទីផ្សារក្រុមហ៊ុន China Southern Airlines លើកឡើងថា ៖ «ពេលនេះ China Southern Airlines មានជើងហោះហើរឆ្លងប្រទេសចំនួន១០៧ជើង នៅក្នុងប្រទេសនិងតំបន់ចំនួន៣៨ ក្នុងនោះមានជើងហោះហើរទៅ-មក ចំនួន៦០០ជើងរៀងរាល់សប្តាហ៍» ។
អ្នកនាងបន្តថា ៖ «យើងមានគម្រោងផ្តល់សេវាកម្មហោះហើរត្រង់ឡើងវិញរវាងទីក្រុង Zhengzhou ខេត្តហៃណាន ស្ថិតនៅភាគកណ្តាលប្រទេសចិន ។ លើសពីនេះ យើងនឹងបើកហោះហើរទៅកាន់ទីក្រុងឡុងដ៍ម្តងទៀត ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក៏ដូចជាជើងហោះហើរផ្សេងទៀត ស្របពេលប្រទេសចិនមានវិធានការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរ ។ រីឯការធ្វើដំណើរបន្ទាន់ យើងបានរៀបចំគម្រោងហោះហើរប្រចាំថ្ងៃ រវាងទីក្រុងក្វាងចូវ និង Sabah របស់ប្រទេសម៉ាឡេស៊ីផងដែរ» ។
ជាមួយគ្នានេះ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងផ្តល់សេវាកម្មហោះហើរត្រង់រវាងទីក្រុងសៀងហៃ និងតំបន់គោលដៅពេញនិយមមួយចំនួននៅក្រៅប្រទេស ។ ក្រុមហ៊ុននេះរំពឹងថា ចំនួនការហោះហើរឆ្លងប្រទេស និងតំបន់ នឹងកើនឡើងរហូតដល់៨០% នៃចំនួនជើងហោះហើរសរុបក្នុងអំឡុងពេលមុនការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ (គឺនៅឆ្នាំ២០១៩) ។ កត្តាសំខាន់មួយទៀត គឺលទ្ធភាពការធ្វើដំណើរកើនឡើងបានធ្វើឱ្យតម្លៃសំបុត្រយន្តហោះធ្លាក់ចុះ និងជួយជំរុញការធ្វើដំណើរចេញក្រៅប្រទេស ៕ ប្រភព ៖ TNN World










