ក្នុងនាមជាកលបុត្រ កុលធីតាខ្មែរគួរតែខ្វល់ខ្វាយវប្បធម៌ឱ្យបានច្រើនកុំឱ្យបាត់បង់ទើបពោលស្តាយក្រោយ ស្របនឹងពាក្យស្លោកមួយថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»។ ទន្ទឹមនឹងនេះកញ្ញា សុគា គីមលាង នាដការីដ៏គួរឱ្យសរសើររូបនេះបានពោលថាជីវិតអាចស្លា.ប់ហើយរស់មកវិញបានតែសិល្បៈមិនអាចស្លា.ប់បានទេ។
នៅលើបណ្តាញសង្គមរបស់ សុគា គីមលាង ហៅ Kon Ant នាថ្ងៃទី៨ ធ្នូ បានបង្ហោះដូច្នេះថា «ពាក្យស្លោកមួយឃ្លាបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន ព្រោះថាក្នុងនាងខ្ញុំជាពលរដ្ឋខ្មែរម្នាក់កើតមកជាតិនេះសូមថ្វាយនូវការផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ទាំងអស់ដែលជាកេរត្តិ៍មរតក របស់ដូនតាបានបន្សល់ពីសម័យបុរេប្រវត្តមកម្លេះ តាមកម្លាំងចិត្តដែលមាន មិនអោយបុព្វបុរស លោកខូចព្រទ័យ ព្រោះថា « ជីវិតខ្ញុំជាជីវិតដែលអាចស្លាប់ហើយរស់មកវិញបាន ក៏ ប៉ុន្តែសិល្បៈមិនអាចស្លាប់បានទេ »។
នាដការី ដ៏ស្រស់សោភារូបនេះ បន្ថែមទៀតថា « កុំចាំតែបាត់បង់ទើបស្តាយក្រោយ គួរតែស្គាល់ពីតម្លៃ និងចូលរួមថែរក្សាទាំងអស់គ្នានូវវប្បធម៌ អរិយធម៌ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យដែលយើងទាំងអស់គ្នាជាជាតិខ្មែរមាន»។
គួរបញ្ជាក់ផងដែរថា សុគា គីមលាង គឺជានាដការីដែលទទួលបានការបណ្តុះបណ្តាលតាមក្បួនច្បាប់តាំងពីក្មេង និងជាសិល្បការិនីមួយរូបថែមទាំងជាអតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ។ សម្រស់របស់ KonAnt តែងតែទទួលបានការសរសើរពីមហាជនថាស្រស់សោភា ទន់ភ្លន់ សមជាកុលស្រ្តីខ្មែរ គយគន់មិនចេះជិនណាយ ជាពិសេសរូបនាងតែងតែជួយលើកស្ទួយវប្បធម៌បុរាណដោយបានរំលេចខ្លួនជាមួយទម្រង់សិល្បៈច្រើនទម្រង់ឱ្យអ្នកជំនាន់ក្រោយបានស្គាល់អ្វីដែលជារបស់ខ្មែរមិនមែនជារបស់ប្រទេសផ្សេង។
នាដការី សុគា គីមលាង បានសាងស្នាដៃជាច្រើនហើយវានឹងក្លាយជាភស្តុតាងបន្សល់ទុកដល់ក្មេងជំនាន់ក្រោយរាប់រយឆ្នាំ មិនឱ្យមានការភាន់ច្រលំជាមួយអ្នកជិតខាង បែងចែកដាច់ស្រឡះពីអ្វីដែលជារចនាបថខ្មែរ និងអ្វីដែលគេបានចម្លងកែបន្លំយកទៅ ព្រោះរាល់ពេលសិល្បការិនីរូបនេះធ្វើឡើងបានឆ្លងកាត់ការពិនិត្យ និងសិក្សាច្បាស់លាស់អំពីអ្វីដែលខ្លួននឹងយកមកបង្ហាញទៅកាន់ទស្សនិកជន៕










