ផ្ទុះការរិះគន់ពេញបណ្តាញសង្គម នៅត្រង់បរិវេណវត្តខ្មែរមួយកន្លែង បន្ទាប់ពីព្រះសង្ឃដែលមានបារមី១អង្គគង់ទេសនាចប់ ស្រាប់តែពុទ្ធបរិស័ទផ្អើលប្រញ៉ាយគ្នាកាច់យកមែកនិងស្លឹកទឹកដោះទៅផ្ទះគ្រប់ៗគ្នា។
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសបុកកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគណនីមួយ បន្ទាប់ពីបានធ្វើការបង្ហោះវីដេអូឃ្លីបដោយបានសរសេរថា «ក្រោយចប់ទេសនា បើមិនជឿកុំប្រមាថញោមស្លឹកទឹកដោះពូកែណាស់»។ វីដេអូនោះផងដែរទទួលបាននូវការបញ្ចេញមតិរិះគន់និងមានការចែករំលែកជាបន្តបន្ទាប់ពីមហាជនរាប់ម៉ឺននាក់។
តាមការបញ្ជាក់នៅក្នុងវីដេអូបានឲ្យដឹងថា ដើមទឹកដោះសក្តិសិទនោះគឺស្ថិតនៅក្នុងបរិវេណវត្តមួយកន្លែងដោយពុំបានបញ្ជាក់ទីតាំង បន្ទាប់ពីព្រះអង្គចន្ទ មុន្នី ដែលល្បីថាជាព្រះសង្ឃដែលមានបារមីខ្លាំងពូកែ បាននិមិត្តមកនិងគង់ទេសនានៅក្រោមដើមទឹកដោះនោះ ស្រាប់តែប្រជាជនខ្មែរមានជំនឿភ្លាមៗថាដើមទឹកដោះនោះនឹងក្លាយទៅជាសក្តិសិទដូចព្រះអង្គ ក៏នាំគ្នាបបួលកាច់យកទាំងមែងនិងស្លឹកដើមនោះស្ទើរតែអស់ពីដើម។ ពុទ្ធបរិសុទ្ធនាំគ្នាឡើងដើមទឹកដោះព្រាត ខណៈមានទាំងអ្នកនៅពីក្រោមដើមស្រែកថា«ជួយបេះឲ្យផងៗ» និងប្រញ៉ាយគ្នាយកស្លឹកគ្មានសល់។
តាមរយៈការបង្ហោះវីដេអូនេះក៏ទទួលបាននូវមតិរិគន់យ៉ាងចាស់ដៃពីសំណាក់មហាជនផងដែរ ដោយអ្នកខ្លះក៏បានលើកឡើងថា «នេះសបញ្ជាក់ថាខ្មែរយើងភាគច្រើនមិនសូវចេះគន់ពិចារណាថាអ្វីជាអ្វី(ល្ងង់) គួរឲ្យអាសូរណាស់»។ អ្នកខ្លះថា «សង្វេគណាស់ការជឿគ្មានបញ្ញា ឃើញហើយបានត្រឹមតែដកដង្ហើមធំ»។ អ្នកខ្លះក៏បញ្ចេញមតិថា «ជំនឿប្លែកៗអញ្ចឹងធ្លាប់តែឃើញនៅប្រទេសឥណ្ឌា តែឥឡូវឃើញនៅស្រុកខ្មែរយើងដែរហើយ»។ ម្នាក់ទៀតថា«ខ្ញុំមិននឹកស្មានថាខ្មែរធ្លាក់ដល់ចំណុចនេះសោះ»។
គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាយើងបានប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋខ្មែរភាគច្រើនបានគោរពបូជាចំពោះព្រះពុទ្ធសាសនា ទន្ទឹមនឹងនេះពួកគេក៏បានជឿទៅលើជំនឿបន់ស្រន់ និងជំនឿអារុកអារាក់អ្នកតាដែលជឿតៗគ្នាពីមុនមកៗដូចគ្នាដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនាគឺជាសាសនាមួយក្នុងចំណោមសាសនាដទៃទៀតដែលបានបង្រៀនមនុស្សក្នុងលោកទាំងអស់ឲ្យជឿទៅលើសេចក្តីល្អ «ធ្វើល្អបានល្អ» ជៀសវាងអំពើឧបាយមុខផ្សេងទាំង៥។ ដូច្នេះហើយ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមធ្វើការពិចារណាឲ្យបានល្អមុននឹងមានជំនឿឬជឿអ្វីមួយផ្សេងទៀត ដោយហេតុថាជំនឿមួយចំនួនវាអាចនឹងមិនសមទំនងក្នុងការជឿ ដែលអាចនឹងជះផលមិនល្អដល់សង្គមក៏ដូចជាមនុស្សជំនាន់ក្រោយៗទៀតផងដែរ៕.jpg)











