ប្រទេសចិន៖ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួននឹងកាត់បន្ថយតម្លៃជាបណ្តោះអាសន្នសម្រាប់ទិដ្ឋាការធ្វើដំណើរក្នុងប្រទេសចំនួន ២៥% ដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរបរទេសកាន់តែច្រើន។
យោងតាមប្រភពព័ត៌មាន Nikkei Asia ដែលបានរាយការណ៍នៅថ្ងៃទី៩ ខែធ្នូថ្មីៗនេះថា វិធានការនេះនឹងអនុវត្តចំពោះស្ថានទូតបរទេសទាំងអស់របស់ប្រទេសចិនចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់ប្រទេសមួយចំនួនដូចជា ថៃ ជប៉ុន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី រួមទាំងប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា «យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផល និងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដ៏ងាយស្រួល»។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងស្ថានទូតចិន បានឱ្យដឹងទៀតថា នេះគឺជាវិធានការចុងក្រោយបង្អស់ដែលចិនបានអនុវត្តនាពេលថ្មីៗនេះ ដើម្បីបង្កើនការធ្វើដំណើរក្នុងប្រទេសពីអ្នកទេសចរបរទេស និងពាណិជ្ជករ ចំពេលមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគោលនយោបាយនេះគ្របដណ្តប់អ្នកធ្វើដំណើររាប់រយលាននាក់ពីប្រទេសជាច្រើន ហើយនឹងធ្វើឱ្យវាកាន់តែងាយស្រួល និងថោកសម្រាប់ពួកគេដើម្បីទទួលបានទិដ្ឋាការធ្វើដំណើរទៅកាន់ប្រទេសចិន៕










