ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Mono News បានផ្សាយថា ភ្ញៀវទេសចរបរទេសដែលបានមកលេងប្រាសាទបុរាណនៅអយុធ្យា ត្រូវបានឆ្កែអនាថាដេញខាំ ហើយខាងអាជ្ញាធរប្រចាំតំបន់ទេសចរណ៍អយុធ្យាប្រញាប់ដោះស្រាយបញ្ហានេះ ដោយសារខ្លាចប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃ ។
ក្រុមការងារសារព័ត៌មានថៃ Mono News បានចុះទៅកាន់សួនសាធារណៈ «បឹងព្រះរ៉ាម» ស្ថិតក្នុងឃុំព្រះទូឆ័យ ស្រុកព្រះណាខន ស្រ៊ីអាយុធ្យា ហើយក៏បានដើរមើលបរិវេណនេះ ដោយប្រទះឃើញឆ្កែញី១ក្បាល ដែលវាទើបតែបង្កើតកូន ។ អ្នកស្រុកនៅម្តុំនេះហៅវាថា «ឆ្កែឌែង» ហើយអ្នកស្រុកប្រាប់ថា កាលពីមុន ឆ្កែនេះមិនកាចសាហាវ និងដេញខាំមនុស្សទេ ប៉ុន្តែរយៈពេល១ខែ ទៅ២ខែកន្លងមក ឆ្កែញីនេះបានបង្កើតកូន ទើបវាការពារកូនរបស់វា និងមិនឱ្យអ្នកណាចូលមកក្នុងបរិវេណនេះ ។
នៅពេលក្រុមការងារសារព័ត៌មានថៃកំពុងជជែកជាមួយអ្នកស្រុក ស្រាប់តែឃើញមានមនុស្សមកចាប់សត្វនៅក្នុងទឹក ខណៈបរិវេណនេះមានបម្រាមហាមចាប់សត្វក្នុងទឹក ស្រាប់តែឆ្កែឌែង បានរត់ទៅព្រូសពួកគេភ្លាមៗ ។
រីឯភ្នាក់ងារសន្តិសុខប្រចាំតំបន់ប្រាប់ថា ក្រោយពីឆ្កែឌែង បង្កើតកូនរួចហើយ តែងតែមានអ្នកយកចំណីមកឱ្យវាស៊ីជានិច្ច ។ កន្លងមក ឆ្កែឌែង ធ្លាប់ខាំភ្ញៀវទេសចរប្រមាណ១០នាក់ហើយ រហូតដល់សន្តិសុខនាំគ្នាជួយតាមដានវា ក្រែងវាខាំអ្នកផ្សេងទៀត ។
សន្តិសុខរូបនេះទទួលស្គាល់ថា លោកដឹងថា ឆ្កែបារម្ភពីកូនរបស់វា ប៉ុន្តែលោកសូមសំណូមពរទៅស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាឆ្កែអនាថា ។ លោកបារម្ភថា បើបណ្តោយឱ្យឆ្កែទាំងនេះដេញខាំជនបរទេសជាបន្តបន្ទាប់នោះ វាអាចនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃ ។
ចំណែកអាជ្ញាធរប្រចាំតំបន់ទេសចរណ៍អយុធ្យាលើកឡើងថា កន្លងមក អាជ្ញាធរបានចុះពិនិត្យមើលឆ្កែអនាថានៅក្នុងតំបន់ គឺមានឆ្កែប្រមាណ៣០ក្បាល ។ ចំណែកហេតុការណ៍ឆ្កែដេញខាំភ្ញៀវទេសចរ អាជ្ញាធរមិនបានព្រងើយកន្តើយនោះទេ ។ អាជ្ញាធរបានទំនាក់ទំនងទៅព្រះចៅអធិការវត្តតាណូត នៅស្រុកបាងផាហាន់ ខណៈវត្តនេះបានទទួលយកឆ្កែអនាថាឱ្យមករស់នៅក្នុងវត្ត ដើម្បីឱ្យខាងវត្តទទួលខុសត្រូវបញ្ហានេះ ហើយព្រះចៅអធិការវត្តក៏យល់ព្រមទទួលខុសត្រូវ ។
អាជ្ញាធរនិយាយថា ៖ «នាពេលឆាប់ៗនេះ អាជ្ញាធរនឹងទំនាក់ទំនងទៅខាងផ្នែកសត្វ ដើម្បីបញ្ជូនឆ្កែទាំងនេះទៅរស់នៅកន្លែងថែទាំត្រឹមត្រូវ ។ នៅថ្ងៃអនាគត យើងនឹងប្រមូលប្រាក់ពីអ្នកស្រឡាញ់សត្វ សម្រាប់សាងសង់ទីកន្លែងរស់នៅឱ្យឆ្កែបន្ថែមទៀត» ។
អាជ្ញាធរបន្តថា ៖ «មុននេះ យើងក៏បានដោះស្រាយបញ្ហាឆ្កែអនាថារួចហើយ និងរកបានកន្លែងមួយសម្រាប់ឱ្យពួកគេរស់នៅ ប៉ុន្តែអ្នកស្រុកក្នុងតំបន់នោះមិនឯកភាពទេ ទើបអាជ្ញាធរត្រូវស្វែងរកកន្លែងថ្មីទៀតសម្រាប់ឆ្កែអនាថា» ៕ ប្រភព ៖ Mono News










