ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានជាច្រើននៅប្រទេសថៃបានបង្ហោះវីដេអូស្ត្រីម្នាក់កំពុងច្រកទឹកចូលដប ហើយសរសេរថា «សង្ឃឹមថា នាងនឹងមិនច្រកទឹកនេះទៅលក់ឱ្យគេផឹក ។ ក្រសួងសុខាភិបាលនៅឯណា សូមជួយត្រួតពិនិត្យផង» ។ នៅក្នុងវីដេអូនេះ គេបានឃើញស្ត្រីម្នាក់កំពុងច្រកទឹកដាក់ដប បន្ទាប់មកក៏បិទគំរបដប ហើយពេលខ្លះ នាងបានបើកក្បាលរ៉ូប៊ីណេបង្ហូរទឹកម៉ាស៊ីនច្រកចូលដបតែម្តង ។
ចំណែកដៃរបស់នាងវិញទទឹកជោគ ហើយនាងពុំបានពាក់ស្រោមដៃឱ្យបានត្រឹមត្រូវទេ ។ ក្រោយពីនាងបង្ហូរទឹកពីក្បាលរ៉ូប៊ីណេចូលដបរួចរាល់ហើយ នាងក៏បោះដបទាំងនេះទុកមួយគំនរ ។ បើតាមវីដេអូបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅប្រទេសថៃ ពីព្រោះក្នុងស្លាកនៅលើជញ្ជាំងមានសរសេរជាអក្សរថៃទៀតផង ។
វីដេអូនេះត្រូវបានអ្នកលេងបណ្តាញសង្គមថៃចែកចាយ (Share) ជាច្រើននាក់ ហើយពួកគេបានលើកឡើងពីបញ្ហាអនាម័យ និងសួរថា តើទឹកដែលនាងច្រកដាក់ដបនេះត្រៀមយកទៅលក់នៅតាមផ្សារនានាមែនទេ? ខណៈមនុស្សខ្លះទៀត ក្រោយពីបានមើលវីដេអូនេះហើយនិយាយថា ៖ «ផឹកទឹកសុទ្ធហើយមានអារម្មណ៍ស្រស់ថ្លា ត្រជាក់ចិត្តមែន ព្រោះក្រុមហ៊ុនទឹកសុទ្ធភ្លេចគិតពីបញ្ហាអនាម័យ និងបណ្តោយឱ្យបុគ្គលិកបើកក្បាលរ៉ូប៊ីណេបង្ហូរទឹកម៉ាស៊ីនច្រកដប» ។ ចុងក្រោយ អ្នកលេងបណ្តាញសង្គមថៃបានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធជួយត្រួតពិនិត្យករណីនេះ ។
លោក Narong Aphikulwanich ជាមន្ត្រីការិយាល័យត្រួតពិនិត្យចំណីអាហារ និងឱសថប្រទេសថៃបានជ្រាបពីករណីនេះហើយ ហើយលោកបានផ្ញើវីដេអូដែលល្បីល្បាញក្នុងបណ្តាញសង្គមទៅឱ្យក្រុមការងារធ្វើការត្រួតពិនិត្យ ដើម្បីស្វែងរកទីតាំងពិតប្រាកដនៅក្នុងវីដេអូ ។ បន្ទាប់មក លោកនឹងបញ្ជូនកម្លាំងជំនាញទៅត្រួតពិនិត្យដល់ទីកន្លែងតែម្តង ៕ ប្រភព ៖ 3Plus News










