បរទេស៖ ក្នុងចំណោមស្មាតហ្វូនដែលលក់ដាច់បំផុតទាំង ១០ នៅលើពិភពលោកក្នុង QIII/2023 នេះចាប់ពី iPhone 4 រហូតដល់ iPhone 14 សុទ្ធតែជាម៉ូដែលដែលលក់ដាច់ពីមួយជំនាន់ទៅមួយជំនាន់ ខណៈដែល iPhone 15 មិនមានវត្តមានក្នុងបញ្ជីស្មាតហ្វូនដែលលក់ដាច់ជាងគេនោះទេ។

យោងតាមប្រភពព័ត៌មាន Phone Arena ដែលបានចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូថា ទូរស័ព្ទ iPhone 14 នៅតែជាទូរស័ព្ទដែលពេញនិយមបំផុតក្នុងទីផ្សារពិភពលោកដោយទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់មកគឺម៉ូដែល 14 Pro Max, 14 Pro និង iPhone 13 ។ រីឯSamsung វិញបានកាន់កាប់តំណែងចំនួន ៥ ដែលជាម៉ូដែលទាំងអស់របស់ Galaxy ស៊េរីរួមមាន A14, A14 5G, A54, A04e និង A34 ។ ចំណែកឯ Xiaomi របស់ចិនវិញជាប់ចំណាត់ថ្នាក់លេខ ៩ ជាមួយនឹងម៉ូដែល Redmi 12C ។

ក្នុងចំណោមស្មាតហ្វូនដែលលក់ដាច់ជាងគេតាំងពីពាក់កណ្ដាលខែកញ្ញាមក គ្មាន iPhone 15 នោះទេ។ ស៊េរី iPhone 15 ត្រូវបានគេចាត់ទុកថា មានកំហុសជាច្រើន និងប្រតិបត្តិការមិនស្ថិតស្ថេរដូច iPhone 14 ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់ក្រុមហ៊ុន Apple គឺប្រសើរជាង Samsung ព្រោះថាឆ្នាំនេះ ម៉ូដែលលំដាប់ខ្ពស់របស់ក្រុមហ៊ុនកូរ៉េមិនបង្ហាញក្នុងបញ្ជីខ្ពស់ដូចកាលពីឆ្នាំមុននោះទេ។

កាលពីឆ្នាំ ២០២២ ទូរស័ព្ទ Samsung បានឈរនៅចំនាត់ថ្នាក់លេខ ១ ខណៈដែល iPhone ឈរត្រឹមលេខ ៨ និងលេខ៩។ ប៉ុន្តែនៅឆ្នាំ ២០២៣ នេះវិញ ម៉ូដែល iPhone 14 បានឈរនៅចំនាត់ថ្នាក់លេខ ១ ដោយម៉ូដែល Samsung វិញឈរត្រឹមលេខ ៥ ចុះក្រោមប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Apple នៅតែដើរពីក្រោយ Samsung ក្នុងការលក់ស្មាតហ្វូន។ នៅក្នុងត្រីមាសចុងក្រោយនេះ Samsung មានចំណែកទីផ្សារ ២០% ធ្លាក់ចុះត្រឹមតែ ២% ប៉ុណ្ណោះ ខណៈពេលដែល Apple ឡើងដល់ ១៧% ធ្លាក់ចុះ ១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ ម៉ូដែលថោកបំផុតរបស់ Xiaomi បាននាំក្រុមហ៊ុនចិនត្រឡប់ទៅជាកំពូលស្មាតហ្វូនដែលលក់ដាច់បំផុតទាំង ១០ ក្នុងបញ្ជីទីផ្សាររបស់ពិភពលោកដែលក្រុមហ៊ុនបានបង្ហាញខ្លួនជាបន្តបន្ទាប់។ បច្ចុប្បន្ន Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទី ៣ របស់ពិភពលោកដែលមានចំណែកទីផ្សារ ១៤% ខណៈដែលចំណាត់ថ្នាក់ទី ៤ ជារបស់ Oppo ដែលមានចំណែកទីផ្សារ ១០% ។ Oppo ក៏ជាក្រុមហ៊ុនផលិតធំតែមួយគត់ដែលមានការកើនឡើង បើទោះបីជាមានតែ ១% បើធៀបនឹងត្រីមាសមុនក៏ដោយ៕Two hands hold up iPhone 14 and iPhone 14 Plus.