ប្រទេសចិន៖ សាលាបណ្ដុះបណ្ដាលរបស់ប្រទេសចិនដែលត្រូវបានរចនាឡើងដើម្បីឱ្យសិស្សសិក្សាស្រាវជ្រាវ និងសម្រាកខួរក្បាល ក៏ដូចជាហាត់កីឡា ឬរៀនសិល្បៈផ្សេងៗ ត្រូវបានមហោស្រពស្ថាបត្យកម្មពិភពលោក (WAF) ដាក់ឈ្មោះជាអគារដ៏ល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ ២០២៣ កាលពីថ្ងៃទី ១ ខែធ្នូកន្លងទៅ។
យោងតាមប្រភព័ត៌មាន CNN បានឱ្យដឹងថា សាលាវិទ្យាល័យដ៏ល្បីល្បាញនេះមានឈ្មោះថា Huizhen ស្ថិតក្នុងទីក្រុង Ningbo ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ សាលារៀនដ៏សំខាន់នៃទីក្រុង Ningbo មានទីតាំងនៅលើផ្ទៃដី ៦២,០០០ ម៉ែត្រការ៉េ ដោយមានសួនច្បារលើដំបូល និងមានដើមឈើរាប់រយជុំវិញបរិវេណ រួមទាំងមានទីលានកីឡាដែលមានផ្លូវរត់ប្រវែង ៤០០ ម៉ែត្រផងដែរ។
អគារនេះមានសាលបង្រៀនបើកចំហរចំនួន ៤ និងមានថ្នាក់សម្រាប់សិក្សាចំនួន ៣០ ក៏ដូចជាមានសិស្សប្រមាណ ១,៥០០ នាក់។ នៅក្នុងទីធ្លានៃសាលារៀន Huizhen ក៏មានមានរុក្ខជាតិចំនួន ៤០ ប្រភេទដែលមានខ្យល់ចេញចូលល្អ និងមានកាប៊ីនដែលត្រូវបានរចនាឡើងដូចជាផ្ទះដើមឈើ ឬបន្ទប់ដែលមានតម្លាភាព ដែលអាចឱ្យសិស្សានុសិស្សអង្គុយលេង ឬដាំដើមឈើជាដើម។
យោងតាមស្ថាបត្យកររបស់ Approach Design Studio បាននិយាយថា សាលារៀនគឺជាកន្លែងដែលផ្តោតលើការបង្រៀនប្រកបដោយប្រសិទ្ធភាព ហើយក្នុងពេលតែមួយត្រូវការបំផុសគំនិតដោយសេរី។ នៅក្នុងការពិពណ៌នាគម្រោង ស្ថាបត្យករក៏បានពន្យល់ដែរថាពួកគេចង់ជួយសិស្សឱ្យ “សម្រាក កែសម្រួលគំនិតរបស់ពួកគេ និងស្វែងរកភាពស្រស់ស្អាត” នៅខាងក្រៅថ្នាក់រៀន។ ហេតុនេះហើយ ការរចនានេះនឹងជួយលើកទឹកចិត្តសិស្សឱ្យដើរ ស្រូបខ្យល់អាកាសបរិសុទ្ធ និងបន្ថយសម្ពាធក្នុងការសិក្សា។
ក្រុមស្ថាបត្យករបានបន្តទៀតថា ការរចនាត្រូវបានជ្រើសរើសពីគម្រោងជិត ២៥០ ដែលត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំង រួមទាំងស្ថានីយថ្មីរបស់អាកាសយានដ្ឋាន Newark Liberty International Airport សារមន្ទីរ Holocaust របស់ប្រទេសអូស្ត្រាលីនៅទីក្រុងមែលប៊ន និងពហុកីឡដ្ឋានជាតិថ្មីទាំងក្នុងប្រទេសកម្ពុជា និងសេណេហ្គាល់។
គួរបញ្ជាក់ដែរថា ពានរង្វាន់កំពូលមួយនៅក្នុងឧស្សាហកម្មស្ថាបត្យកម្មនេះ ត្រូវបានវិនិច្ឆ័យជារៀងរាល់ឆ្នាំដោយក្រុមអ្នកជំនាញដែលមានសមាជិក ១៤០ នាក់ក្នុងអំឡុងពិធីបុណ្យស្ថាបត្យកម្មពិភពលោក។ ការរចនាដែលឈ្នះរង្វាន់លើកទី ១ ក្នុងឆ្នាំនេះត្រូវបានវាយតម្លៃខ្ពស់ដោយគណៈវិនិច្ឆ័យចំពោះការបំបែកអនុសញ្ញារចនាសាលា។ លោក Paul Finch នាយកកម្មវិធីរបស់ WAF បានអត្ថាធិប្បាយថា “គាត់ពិតជាភ្ញាក់ផ្អើលនិងរីករាយខ្លាំងណាស់នៅពេលដែលគាត់ទស្សនាគម្រោងរចនាដ៏ល្អឥតខ្ចោះបែបនេះ”៕










